ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការ អញ្ជើញចូលរួមជាអធិបតីក្នុងវេទិកាពិភាក្សាស្ដីពីកញ្ចប់ហិញ្ញប្បទានវិនិយោគលើការបន្សាំអាកាសធាតុ ដើម្បីស្នើសុំហិរញ្ញប្បទានអាកាសធាតុពីដៃគូអភិវឌ្ឍន៍

នៅថ្ងៃសុក្រ ១កើត ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ នៅសណ្ឋាគារហៃយ៉ាត់ភ្នំពេញ ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការ ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ដ្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញចូលរួមជាអធិបតីក្នុងវេទិកាពិភាក្សាស្តីពីកញ្ចប់ហិរញ្ញប្បទានវិនិយោគលើការងារបម្រែបម្រួលអាកាសធាតុក្នុងប៉ូលសេដ្ឋកិច្ច EPOLE4 ដើម្បីស្នើសុំហិរញ្ញប្បទានអាកាសធាតុពីដៃគូអភិវឌ្ឍន៍។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានមានប្រសាសន៍ឱ្យដឹងថា ការវិនិយោគលើការបន្សាំនឹងអាកាសធាតុចែកចេញជា ៧កញ្ចប់ ក្នុងនោះគម្រោងវិនិយោគលើការគ្រប់គ្រងធនធានទឹកដោយវិធានការចម្រុះ (IWRM) ជាគម្រោងអាទិភាពដែលក្រសួងធនធានទឹក និងឧតុនិយមគឺជាអង្គភាពចម្បងក្នុងការអនុវត្ត។ ឯកឧត្តមរដ្ឋលេខាធិការ បានបញ្ជាក់បន្ថែមថា កិច្ចការទាំងអស់ ដើម្បីសម្រេចបានជោគជ័យប្រកបដោយនិរន្តរភាពក៏ត្រូវមានការគិតគូរ និងការចូលរួមសហការយ៉ាងជិតស្និទ្ធពីវិស័យឯកជន ដែលជាតួអង្គសំខាន់ក្នុងការផ្តល់នូវសេវា បច្ចេកទេស និងហិរញ្ញវត្ថុ។
សូមជម្រាបថា វេទិកាពិភាក្សាដ៏មានសារៈសំខាន់នេះរៀបចំឡើងដោយធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ក្រោមគម្រោងផែនការវិនិយោគបន្សាំខ្លួនទៅនឹងអាកាសធាតុ ដោយមានវត្តមានចូលរួមពីក្រុមការងារបច្ចេកទេសនៃធនាគារអភិវឌ្ឍន៍អាស៊ី ដឹកនាំដោយលោក Vijay Kumar Akasam ប្រធានប្រតិបត្តិការបេសកកម្មនៅកម្ពុជា ឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងបរិស្ថាន ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ(គ.ជ.អ.ប.) ព្រមទាំងដៃគូអនុវត្តគម្រោងក្រោមហិរញ្ញប្បទានធនាគារអភិវឌ្ឍន៍អាស៊ី(ADB) ជាច្រើនរូបផងដែរ៕

You might also like