ក្រសួងអប់រំ ទទួលបានការជ្រើសរើសមន្ត្រីច្រើនជាងគេក្នុងរាជរដ្ឋាភិបាល នីតិកាលទី៧នេះ
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ក្នុងនីតិកាលទី ៧នេះ នៅតែបន្តផ្តោតលើអាទិភាព ក្នុងកសាងធនធានមនុស្ស។ ជាក់ស្ដែងក្នុងនីតិកាលទី៧នេះដែរ ក្រសួងអប់រំ យុវជន និងកីឡា ក៏ទទួលបានការជ្រើសរើសមន្ត្រីច្រើនជាងគេ ពិសេសគឺជ្រើសរើសគ្រូបង្រៀន ដើម្បីទៅបំពេញបេសកកម្មការងារក្នុងការកសាងធនធានមនុស្សសម្រាប់សង្គមជាតិកម្ពុជា។
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ក្នុងសន្និសីទសារព័ត៌មានពាក់ព័ន្ធនឹង គ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារ កាលពីម្សិលម៉ិញ បានបញ្ជាក់ថា ការកសាងធនធានមនុស្សនៅតែជាអទិភាពមួយ ក្នុងចំណោមអាទិភាពគន្លឹះទាំង ៥ រួមមានមនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា សម្រាប់រាជរដ្ឋាភិបាលនីតិកាលទី ៧នេះ។
ភាពសំខាន់នៃធនធានមនុស្សនេះហើយ បានធ្វើឱ្យក្រសួងអប់រំ យុវជន និងកីឡា ទទួលបានការជ្រើសរើសមន្ត្រីច្រើនជាងគេ បើធៀបនឹងក្រសួងស្ថាប័នដទៃ។ មន្ត្រីដែលជ្រើសរើសនេះ គឺផ្តោតសំខាន់លើការជ្រើសរើសគ្រូបង្រៀន ដើម្បីបំពេញតម្រូវការបន្ថែម ចូលរួមផ្ដល់ចំណេះដឹងដល់កុមារ យុវជនកម្ពុជា កសាងពួកគេឱ្យក្លាយជាធនធានមនុស្សពោពេញដោយសមត្ថភាពសម្រាប់អនាគតកម្ពុជា។ ការប្រឡងជ្រើសរើសគ្រូបង្រៀននេះ ក៏ត្រូវបានរៀបចំឡើងជាបន្តបន្ទាប់ ដោយចុងក្រោយមុនបវេសនកាលឆ្នាំសិក្សាថ្មីនេះ គឺជាការប្រឡងជ្រើសរើសគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារសម្រាប់កម្រិតបឋមសិក្សា។
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ក៏បានលើកឡើងជាការអរគុណដល់គ្រូបង្រៀនគ្រប់រូប តាំងពីអតីតកាល ដែលផ្តើមពីអ្នកចេះច្រើន បង្រៀនអ្នកចេះតិច អ្នកចេះតិច បង្រៀនអ្នកមិនចេះសោះ។ ឯកឧត្តមបញ្ជាក់ថាវត្តមានគ្រូ បង្រៀនគ្រប់រូប ពិតជាសំខាន់ណាស់ សម្រាប់ធនធានមនុស្សដែលមាននាពេលបច្ចុប្បន្ន និងទៅអនាគត។
ជាការតបស្នង រាជរដ្ឋាភិបាលកម្ពុជា ក្នុងនីតិកាលចាស់ បន្តមកដល់នីតិកាលថ្មីបច្ចុប្បន្ននេះ មានការគិតគូ លើការគាំពារ និងការដំឡើងប្រាក់បៀវត្សជាបន្តបន្ទាប់ដល់គ្រូបង្រៀន។
ផ្តោតលើទិន្នន័យ នៃការប្រឡងជ្រើសរើសមន្ត្រីតាមក្រសួងស្ថាប័ន កន្លងទៅនេះ ក្រសួងអប់រំ យុវជន និងកីឡា ជ្រើសរើសបានគ្រូបង្រៀនច្រើនជាងគេ។ ជាក់ស្ដែង ទាំងគ្រូបង្រៀនក្របខណ្ឌ ក៏ដូចជាគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារ គឺជ្រើសរើសបានចំនួន ៥ ៣០១នាក់៕






