បុរសអាយុ ៤០ ឆ្នាំ បែកថ្នាំកាន់អាវុធបាញ់មនុស្សឆៅៗ ស្លាប់ម្នាក់ របួសម្នាក់
ថ្មីៗនេះ សារព័ត៌មាន Khaosod បានរាយការណ៍ពីករណីឃាតកម្មមួយដ៏សាហាវ ដែលមានបុរសម្នាក់កើតអាការបែកថ្នាំបានទាញកាំភ្លើងបាញ់សម្លាប់មនុស្សឆៅៗ ស្លាប់អស់ ១ នាក់ និងរបួស ១ នាក់។
ហេតុការណ៍បានកើតឡើងកាលពីថ្ងៃ ២០ ខែវិច្ឆិកា ឆ្នាំ ២០២៥ កន្លងទៅនេះ នៅតំបន់ Ang Thong-Tha Sae នៅខេត្ត Chumphon ដោយបុរសអ្នកបង្កហេតុមានវ័យ ៤០ ឆ្នាំ បានប្រើកាំភ្លើង M16 ធ្វើការបាញ់ទៅលើមនុស្ស ២ នាក់ ដែលបណ្តាលមានបុរសម្នាក់បានស្លាប់នៅនឹងកន្លែង រីឯម្នាក់ទៀតរបួសធ្ងន់។
ក្រោយពីបង្កហេតុហើយ ជនបង្កបានរត់ទៅពួននៅកន្លែងស្នាក់នៅរបស់ខ្លួន ហើយប៉ូលិសអាជ្ញាធរបានចុះឡោមព័ទ្ធចាប់ខ្លួនរហូតបានសម្រេច និងបញ្ជូនខ្លួនរួមជាមួយនឹងភស្តុតាងទៅសួរចម្លើយ ព្រមទាំងត្រៀមដំណើរការក្តីទៅតាមផ្លូវច្បាប់៕



