នៅថៃ លិចខ្លាំង លិចទាំងមន្ទីរពេទ្យ បង្ខំឲ្យជម្លៀសអ្នកជំងឺ

ភាគខាងត្បូងប្រទេសថៃ កំពុងរងគ្រោះខ្លាំងបំផុតដោយទឹកជំនន់ ខណៈមន្ទីរពេទ្យនៅ Pattani ត្រូវលិចទឹក បង្កទុក្ខវេទនាដល់ប្រជាជន។
តាមការផ្សាយរបស់ Bangkok Post កាលពីថ្ងៃសុក្រទី២១ខែវិច្ឆិកាឆ្នាំ២០២៥, ទឹកឡើងខ្លាំងបានជន់លិចមន្ទីរពេទ្យ Sai Buri បង្ខំឲ្យជម្លៀសអ្នកជំងឺមួយចំនួន ហើយអ្នកជំងឺខ្លះទៀតក៏ត្រៀមបញ្ជូនចេញទៅមន្ទីរពេទ្យ Pattani ដែរ។
ទន្ទឹមនោះដែរ នៅខេត្ត Songkhla ឯណោះវិញ ស្រុកចំនួន៧ ត្រូវប្រកាសអាសន្ន បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងអស់រយៈពេលជាច្រើនថ្ងៃ បង្កជាទឹកជំនន់ធ្ងន់ធ្ងរ ប៉ះពាល់ប្រជាជនជិត ៤៥ ០០០នាក់។
ទឹកជំនន់ដែលបានកើតឡើងតាំងតែពីថ្ងៃទី១៩វិច្ឆិកា បានជន់លិចស្រុក Rattaphum, Mueang Songkhla, Khlong Hoi Khong, Ranot, Krasae Sin, Sathing Phra, និង Hat Yai។
ផ្ទះសរុប១៧៨៨៦ខ្នង ក្នុង២៨ឃុំ និង១៥៩ភូមិ ត្រូវបានរងផលប៉ះពាល់ ប៉ុន្តែមិនទាន់មានរបាយការណ៍ពីករណីបាត់បង់ជីវិតណាមួយនៅឡើយទេ។
ផ្ទះមួយខ្នងត្រូវបានបំផ្លាញ ហើយ៣ខ្នងទៀតរងការខូចខាត ខណៈទឹកជំនន់បានរំខានដល់មណ្ឌលសុខភាពក្នុងស្រុក និងលិចផ្លូវ៦ខ្សែ៕

You might also like