អគ្គិភ័យឆេះអាហារដ្ឋានយីហោ B.A.T ស្ថិតក្នុងភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ហេតុការណ៍គ្រោះអគ្គីភ័យនេះបានកើតឡើងនៅ ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥
ហេតុការណ៍គ្រោះអគ្គីភ័យនេះបានកើតឡើងនៅ ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅត្រង់ចំណុចអាហារដ្ឋានមួយកន្លែងយីហោ B A T ស្ថិតក្នុងភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ក្បែរស្តុបរតនៈ។ ទីតាំងអាហារដ្ឋានមួយកន្លែងត្រូវបានអគ្គិភ័យឆាបឆេះ ផ្សែងខ្មៅខ្មួលខ្មាញ់ អណ្ដែតទៅលើអាកាស បង្កមានការភ្ញាក់ផ្អើល សមត្ថកិច្ចនៃការិយាល័យអគ្គីភ័យបានចេញរថយន្តអន្តរាគមន៍បានទាន់ពេលវេលា។
នៅមុនពេលកើតហេតុនោះគេសង្កេតឃើញមានផ្សែងខ្មៅ ហុយឡើងយ៉ាងខ្លាំង ទើបបង្កឲ្យមានការភ្ញាក់ផ្អើល នៅចំណុចខាងលើនេះមានផ្ទះនិងហាងតូចៗលក់ដូរទំនិញនៅជាប់ៗគ្នាផងដែរ។
ដោយមានពលរដ្ឋខ្លះក៏បាននាំគ្នាជញ្ជូនឥវ៉ាន់និងសម្ភារៈក្នុងផ្ទះចេញមកទុកនៅថ្នល់ ដើម្បីឲ្យទ្រព្យសម្បត្តិទាំងនោះមានសុវត្ថិភាព បើទោះបីជាភ្លើងឆាប់ឆេះរៀលមកដល់ក៏ដោយ។ភ្លាមៗនោះដែរគេសង្កេតឃើញរថយន្តបង្ការពន្លត់អគ្គីភ័យ នៃស្នងការដ្ឋាននគរបាលខេត្តបានចេញប្រតិបត្តិការចំនួន ២ គ្រឿង និងរថយន្តរបស់អធិការដ្ឋាននគរបាលស្រុកសង្កែចំនួន០១គ្រឿងផងដែរ បានបាញ់ពន្លត់និងទប់ស្កាត់បានទាន់ពេលវេលា។
ស្ថានការណ៍ត្រូវបានគ្រប់គ្រងទាំងស្រុង និងទប់ស្កាត់មិនឱ្យរាលដាលទៅលំនៅដ្ឋានដទៃទៀតបានឡើយ ដោយនៅពេលនេះដែរសមត្ថកិច្ចកំពុងត្រួតពិនិត្យមើលអំពីដើមចមនៃការឆាបឆេះ ដើម្បីធ្វើកំណត់ហេតុនិងអត្តសញ្ញាណនៃម្ចាស់អាហារដ្ឋាននេះដែរ៕






