រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ ចុះពិនិត្យជាក់ស្ដែងផលប៉ះពាល់លើហេដ្ឋារចនាសម្ព័ន្ធជនបទ ចំនួន ៤ទីតាំង ដែលបណ្ដាលមកពីជំនន់ទឹកភ្លៀង ក្នុងខេត្តពោធិ៍សាត់
ពោធិ៍សាត់៖ នាថ្ងៃសៅរ៍ ២កើត ខែមិគសិរ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំមន្ដ្រីបច្ចេកទេសថ្នាក់ក្រសួង និងមន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់ អញ្ជើញទៅពិនិត្យជាក់ស្ដែងផលប៉ះពាល់លើហេដ្ឋារចនាសម្ព័ន្ធជនបទ ចំនួន ៤ទីតាំង ដែលបណ្ដាលមកពីជំនន់ទឹកភ្លៀង នៅក្នុងខេត្តពោធិ៍សាត់ ដូចខាងក្រោម៖
-ទីតាំង១៖ ឈ្មោះផ្លូវវត្តទួលវែង ជាផ្លូវល្បាយក្រួស មានប្រវែង ៩,៧០គ.ម. តភ្ជាប់ពីភូមិព្រៃឪម៉ាល់ ទៅកាន់ភូមិរលាប សង្កាត់រលាប ក្រុងពោធិ៍សាត់ ត្រូវបានជន់លិចប្រវែង ៣.៥០០ម៉ែត្រ។ ផ្លូវនេះគ្រោងនឹងលើកកម្រិតគុណភាពដោយការស្ថាបនាជាផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) ក្នុងក្របខ័ណ្ឌគម្រោង RRCIP នៅពាក់កណ្តាល ឆ្នាំ២០២៦ ខាងមុខនេះ។
-ទីតាំងទី២៖ ឈ្មោះផ្លូវលលកសចាស់-រលាប ជាផ្លូវល្បាយក្រួស មានប្រវែង ៤,៥០គ.ម. តភ្ជាប់ពីភូមិលាវ សង្កាត់ចំរើនផល ទៅភូមិរលាប សង្កាត់រលាប ក្រុងពោធិ៍សាត់ ត្រូវបានជន់លិចប្រវែង ១.២០០ម៉ែត្រ។
-ទីតាំងទី៣៖ ឈ្មោះផ្លូវទួលគ្រួស-វត្តឯក ជាផ្លូវល្បាយក្រួស មានប្រវែង ៤,៩០គ.ម. តភ្ជាប់ពីភូមិអូរតូង ទៅកាន់ភូមិទួលគ្រួស សង្កាត់ចំរើនផល ក្រុងពោធិ៍សាត់ ត្រូវបានជន់លិចប្រវែង ១.២០០ម៉ែត្រ។
-ទីតាំងទី៤៖ ឈ្មោះផ្លូវទួលចា-កែវមុនី ជាផ្លូវល្បាយក្រួស មានប្រវែង ៩,៣១គ.ម. តភ្ជាប់ពីភូមិអូរបាក់ក្រងក្រោម ឃុំអន្លង់វិល ស្រុកកណ្ដៀង ទៅភូមិកែវមុន្នី សង្កាត់បន្ទាយដី ក្រុងពោធិ៍សាត់ ត្រូវបានជន់លិចប្រវែង ៩៥០ម៉ែត្រ។ ផ្លូវនេះគ្រោងនឹងលើកកម្រិតគុណភាពដោយការស្ថាបនាជាផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) ក្នុងក្របខ័ណ្ឌគម្រោង RRCIP នៅពាក់កណ្តាល ឆ្នាំ២០២៦ ខាងមុខនេះផងដែរ។
សូមជម្រាបជូនដែរថា៖ ដោយសារមានភ្លៀងធ្លាក់ជាប់ៗគ្នាជាច្រើនថ្ងៃ នៅតាមតំបន់ជួរភ្នំក្រវ៉ាញនៃខេត្តពោធិ៍សាត់ ធ្វើឱ្យទឹកស្ទឹងពោធិ៍សាត់ហក់ឡើងយ៉ាងគំហុក បណ្តាលឱ្យលិចលង់ផ្ទះសំបែង និងស្រែចំការរបស់ប្រជាពលរដ្ឋ ជាមួយគ្នានោះដែរ ហេដ្ឋារចនាសម្ព័ន្ធជនបទនៅតាមដងស្ទឹង ចំនួន ៧ខ្សែ សរុបប្រវែង ៤៧,២១គ.ម. ក៏ត្រូវបានជន់លិចជាអន្លើៗ សរុបប្រវែង ៧,៩០គ.ម. ដែលបង្កឱ្យមានការលំបាកដល់ធ្វើដំណើររបស់ប្រជាពលរដ្ឋ។
ជាមួយនឹងការបញ្ហាខាងលើនេះ ឯកឧត្ដមរដ្ឋមន្រ្ដី បានណែនាំឱ្យមន្ដ្រីបច្ចេកទេស សហការជាមួយអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ បូកសរុបផលប៉ះពាល់លើហេដ្ឋារចនាសម្ព័ន្ធជនបទ បន្ទាប់ពីទឹកស្រកទៅវិញ និងធ្វើការជួសជុលបន្ទាន់ ដើម្បីជួយសម្រួលដល់ការដឹកជញ្ជូន និងការធ្វើដំណើររបស់ប្រជាពលរដ្ឋ។
ក្នុងឱកាសនោះដែរ ឯកឧត្ដមរដ្ឋមន្រ្ដី និងប្រតិភូរួមដំណើរ បានអញ្ជើញពិនិត្យស្ថានភាព ស្ពានបេតុង១ទីតាំង ប្រវែង ៧៥ម៉ែត្រ ទទឹង ៨ម៉ែត្រ ដែលទើបសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការកាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ តភ្ជាប់ពីភូមិស្ពាន ឃុំកណ្តៀង ទៅភូមិព្រៃក្តី ឃុំអន្លង់វិល ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ស្ថិតនៅក្នុងក្របខ័ណ្ឌក្រសួងអភិវឌ្ឍន៍ជនបទ ៕






