លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិនចុះពិនិត្យមើលវឌ្ឍនភាពការស្ថាបនា «សួនប៉ៃលិនមរតកតេជោ» នៅអមសងខាងដងស្ទឹងប៉ៃលិន
(ខេត្តប៉ៃលិន)៖ កាលពីរសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិនអមដំណើរដោយមន្ត្រីជំនាញ និងក្រុមការងារបានអញ្ជើញពិនិត្យមើលវឌ្ឍនភាពការស្ថាបនា «សួនប៉ៃលិនមរតកតេជោ» នៅអមសងខាងដងស្ទឹងប៉ៃលិនដើម្បីបម្រើដល់ផលប្រយោជន៍សាធារណៈក្នុងខេត្តជាពិសេសទាក់ទាញភ្ញៀវទេសចរទាំងក្នុងខេត្ត និងក្រៅខេត្តមកលេងកំសាន្តដែលជាកត្តាជួយជំរុញកំណើនសេដ្ឋកិច្ច និងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។
លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិនបានមានប្រសាសន៍លើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី គឺបានបន្តខិតខំប្រឹងប្រែងដោះស្រាយនូវរាល់ការលំបាក និងសំណូមពររបស់ប្រជាពលរដ្ឋព្រមទាំងបានខិតខំកសាងអភិវឌ្ឍន៍ប្រទេសជាតិឱ្យមានការរីកចម្រើនលើគ្រប់វិស័យជាពិសេសការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តនានាដូចជា ផ្លូវ ស្ពាន សាលារៀន មន្ទីរពេទ្យជាដើមហើយបច្ចុប្បន្នរដ្ឋបាលខេត្តប៉ៃលិនបានខិតខំកែលម្អហេដ្ឋារចនាសម្ព័ន្ធសាធារណៈនានារួមទាំងការដាំដើមឈើ ការដាំផ្កាលម្អបន្ថែម និងការថែទាំព្រមទាំងការកែលម្អហេដ្ឋារចនាសម្ព័ន្ធសួនច្បារ សួនពុះចែកទ្រូងផ្លូវឱ្យបានកាន់តែល្អឡើងដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋលើផ្នែកបរិស្ថាន និងសុខភាពក៏ដូចជាបន្ថែមក្រវាត់ពណ៌បៃតងក្នុងទីក្រុងប្រកបដោយសោភណ្ឌភាពស្រស់បំព្រងក្នុងការទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិមកកំសាន្តក្នុងខេត្តប៉ៃលិនយើងឱ្យបានកាន់តែច្រើនឡើង ដែលជាកត្តាមួយចូលរួមចំណែកក្នុងការជំរុញកំណើនសេដ្ឋកិច្ចជីវភាពរបស់ប្រជាពលរដ្ឋឱ្យបានកាន់តែប្រសើរឡើង។
លោកជំទាវបណ្ឌិតអភិបាលខេត្តបានមានប្រសាសន៍បញ្ជាក់ថា ការស្ថាបនាសួនច្បារដាក់ឈ្មោះ សួន «ប៉ៃលិនមរតកតេជោ» គឺក្នុងគោលបំណងបង្ហាញពីវប្បធម៌កត្តញ្ញូ សម្ដែងនូវការដឹងគុណ និងការចងចាំរំឭកដល់វីរភាព ស្នាដៃ និងភាពឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន និងថ្នាក់ដឹកនាំដទៃទៀតក្នុងការស្វែងរកសុខសន្តិភាព ដែលបានលះបង់សាច់ស្រស់ ឈាមស្រស់ ដើម្បីបុព្វហេតុសន្តិភាពព្រមទាំងបង្ហាញពីព្រឹត្តិការណ៍ប្រវត្តិសាស្រ្តជាតិ និងបញ្ជាក់ពីសច្ចភាពប្រវត្តិសាស្រ្តពិតសម្រាប់មនុស្សជំនាន់ក្រោយបានស្វែងយល់ប្រវត្តិសាស្ត្ររបស់ខេត្តប៉ៃលិនដែលជាចំណុចឈ្នួនផ្ទុះសន្តិភាព និងសមត្ថភាព ចំណេះដឹងពិតប្រាកដ នៃមគ្គុទេសន៍អ្នកដឹកនាំកម្ពុជា។
នៅក្នុងឱកាសនោះផងដែរ លោកជំទាវបណ្ឌិត បាន ស្រីមុំ បានមានប្រសាសន៍សំណូមពរដល់បងប្អូនប្រជាពលរដ្ឋ ត្រូវរួមគ្នាជួយថែរក្សាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋជាពិសេសហេដ្ឋារចនាសម្ព័ន្ធព្រោះថាការស្ថាបនា និងជួសជុលហេដ្ឋារចនាសម្ព័ន្ធគឺត្រូវចំណាយថវិកាយ៉ាងច្រើនសន្ធឹកសន្ធាប់ហើយក្នុងនោះបងប្អូនដែលរស់នៅតាមដងស្ទឹងប៉ៃលិន សូមមេត្តាយោគយល់ និងអធ្យាស្រ័យចំពោះផលប៉ះពាល់ព្រមទាំងចូលរួមសហការជាមួយក្រុមការងារបច្ចេកទេស និងអាជ្ញាធរមូលដ្ឋាន ដើម្បីឱ្យសមិទ្ធផលថ្មីនេះសម្រេចបានទៅតាមការគ្រោងទុក និងឆាប់បានប្រើប្រាស់ជាប្រយោជន៍សាធារណៈទាំងអស់គ្នា។
សូមបញ្ជាក់ថា សួន «ប៉ៃលិនមរតកតេជោ» ដែលកំពុងស្ថាបនានាពេលនេះគឺមានប្រវែង ១៨០០ម៉ែត្រ នៅអមសងខាងដងស្ទឹងប៉ៃលិនចាប់ពីចំនុចស្ពានសន្តិភាព ភូមិក្ងោក ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅរហូតមកដល់ស្ពានអូរច្រាស្ថិតក្នុងភូមិទួលល្វា សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន៕






