លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង និងអ្នកឧកញ៉ា លាង ម៉េង បានប្រកាសជួយដល់សកម្មភាពការសម្តែងចាប៉ី ទូទាំងប្រទេសក្នុងមួយឆ្នាំ១២០លានរៀល

ភ្នំពេញ: កាលពីយប់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៥នៅក្នុងពិធីអបអរសាទរខួបទី៩ឆ្នាំ ចាប៉ីដែងវែង ត្រូវបានចុះបញ្ជីជាបេតិកភណ្ឌវប្បធម៌អរូបី របស់អង្គការយូណេស្កូ ដែលរៀបចំដោយតារាចម្រៀងអ្នកនាង ម៉េង កែវពេជ្ជតា ក្រោមការឧបត្ថម្ភពេញទំហឹងដោយក្រុមហ៊ុនជីបម៉ុង នៅផ្សារទំនើបជីបម៉ុង មេហ្គាម៉ល២៧១ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង និងអ្នកឧកញ៉ា លាង ម៉េង បានប្រកាសជួយដល់សកម្មភាពការសម្តែងចាប៉ីដងវែង នូវទឹកប្រាក់សរុបក្នុងមួយឆ្នាំ១២០លានរៀល។

លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង បានមានប្រសាសន៍ថា ចាប៉ីដងវែង គឺជាស្នាដៃសិល្បៈដ៏អស្ចារ្យរបស់ដូនតា ដែលបានបង្រួមបញ្ចូលរវាង ភាសា តន្ត្រី និង ប្រាជ្ញាខ្មែរយើង ។ វាមិនត្រឹមជាឧបករណ៍តន្ត្រី ឬ តន្ត្រីសម្រាប់ការកម្សាន្តតែមួយ មុខ នោះ ទេ ប៉ុន្តែចាប៉ីដងវែង ជាវិធីនៃការបង្ហាញគំនិត ការអប់រំ និងការចែករំលែកអារម្មណ៍រីករាយនៅ ក្នុង ជីវ ភាព ប្រចាំថ្ងៃ។ ពេល វេលាចេះ តែ វិវត្ត យើង សង្កេត ឃើញ ថា នៅក្នុងរយៈ ពេល ចុងក្រោយៗ នេះ យុវសិល្បកររបស់ យើង បាន បន្ថែម នូវ គំនិត ច្នៃប្រឌិត និង បាន បង្កើត បទ ចម្រៀងថ្មីៗ ដោយ បាន រួម បញ្ចូលនូវ សូរសំនៀង ចាប៉ី ជាមួយ ដែល ធ្វើ ឱ្យ បទ ភ្លេង និង បទ ចម្រៀង កាន់តែ មានរសជាតិ ពិសេស ប្លែក, ជាក់ស្តែង ដូចជា បទ Time to Rise ដែល លេង ច្រៀង និង សម្តែង រួមគ្នារវាង ព្រឹទ្ធាចារ្យ កោសល្យវោហារ គង់ ណៃ និង ប្អូន វណ្ណដា ជាដើម។
សំឡេង ចាប៉ី គឺជាសំឡេង នៃការចងចាំអតីតកាល និងជាសំឡេង នៃក្តីសង្ឃឹមសម្រាប់អនាគត។
ទន្ទឹមនឹងគ្នានេះ លោកជំទាវអ្នកឧកញ៉ា បានមានប្រសាសន៍ថា៖«នាងខ្ញុំក៏សូមសម្តែងនូវការកោតសរសើរចំពោះតារាចម្រៀងរាមច្បង អ្នកនាង ម៉េង កែវ ពេជ្ជតា និងកូនស្រី ដែលតែងតែផ្សាភ្ជាប់ រំលេចវត្តមានឧបករណ៍ភ្លេងបុរាណខ្មែរ ពិសេសចាប៉ីដងវែង នេះតែម្តង នៅក្នុងបទចម្រៀង និងការសម្តែងនៅលើឆាកតន្ត្រីនានារបស់ខ្លួន។ ពិសេសនៅថ្ងៃនេះ បងស្រី ម៉េង កែវពេជ្ជតា រួមគ្នា ជាមួយ សិល្បកររាមច្បងជាច្រើន នាក់ និងក្រុមហ៊ុន ជីប ម៉ុង បានបង្កើតនូវព្រឹត្តិការណ៍គួរឱ្យចងចាំមួយ គឺពួកយើង រួមគ្នាអបអរសាទរចាប៉ីដងវែង ត្រូវបានចុះបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី របស់អង្គការយូណេស្កូ ខួបលើកទី៩។ ជាការពិត ក្នុងនាមសមាគមសិល្បករខ្មែរ នាងខ្ញុំ ពិតជាមានមោទនភាពចំពោះដូនតា ដែលបានបន្សល់ទុក នូវមរតកសិល្បៈ វប្បធម៌ រូបី និងអរូបី ដ៏ សំបូរបែបអស្ចារ្យ នៅលើដែនដីដ៏ពិសិដ្ឋមួយនេះ។ ហើយកាន់តែមោទនភាពខ្លាំង ឡើងបន្ថែម ទៀត នៅ ពេល ដែល សម្បត្តិវប្បធម៌កម្ពុជាជាច្រើនទម្រង់ ត្រូវបានគេកោតសរសើរ, ទទួលស្គាល់ជាលក្ខណៈអន្តរជាតិ និងត្រូវបានចុះបញ្ជីជាសម្បត្តិ បេតិកភណ្ឌវប្បធម៌ រូបី អរូបី របស់អង្គការយូណេស្កូ ជាបន្តបន្ទាប់។ ជាក់ស្តែង គណៈកម្មាធិការ អន្តររដ្ឋាភិបាល សម្រាប់ ការថែរក្សា បេតិកភណ្ឌ វប្បធម៌ អរូបី នៅទី ក្រុង Addis Ababa ប្រទេស អេ ត្យូ ពី បាន ចុះបញ្ជី « ចាប៉ីដងវែង » កម្ពុជា នៅក្នុង បញ្ជី បេតិកភណ្ឌ អរូបី ដែល ត្រូវការ ការពារ បន្ទាន់ កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦។ ដូច្នេះ ហើយ ទើប ថ្ងៃនេះ ពួកយើងនៅទីនេះ និងសូមរួមគ្នា អបអរសាទខួបលើកទី៩ ដែល ចាប៉ីដងវែង ត្រូវបានចុះបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី របស់អង្គការយូណេស្កូ »។
ដើម្បីលើកស្ទួយវិស័យសិល្បៈបុរាណ និងបន្តនិរន្តភាពនៃសិល្បៈចាប៉ីដងវែង អ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិកក្រុមហ៊ុនជីបម៉ុង និងលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង បានប្រកាសជួយដល់សកម្មភាពការសម្តែងចាប៉ី ទូទាំងប្រទេសក្នុងមួយឆ្នាំ១២០លានរៀល។ ក្នុងនោះ១០០លានរៀលជាថវិការបស់ក្រុមហ៊ុន ជីប ម៉ុង និង២០លានរៀលទៀត ជាថវិការបស់សមាគមសិល្បករខ្មែរ។
ក្នុងឱកាសនោះដែរ អ្នកនាង ម៉េង កែវពេជ្ជតា បានថ្លែងអំណរគុណចំពោះអ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិក និងជាប្រធានក្រុមអគ្គនាយកក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស (Khmer Beverages) និងលោកជំទាវ គឹម ចាន់ណា ដែលបានឧបត្ថម្ភថវិកា ១០០លានរៀល និងលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន បានឧបត្ថម្ភ ២០លានរៀលក្នុងមួយឆ្នាំ ដើម្បីគាំទ្រដល់កម្មវិធីសម្តែងនិងការផ្សព្វផ្សាយចាប៉ីដងវែងផងដែរ។
អ្នកនាង ម៉េង កែវពេជ្ជតា បានបញ្ជាក់ថា ការជួយឧបត្ថម្ភនេះជាក្តីសង្ឃឹមដ៏ធំធេងនៅក្នុងវិស័យសិល្បៈ ពិសេសសិល្បៈចាប៉ីដងវែងនេះតែម្តង៕

You might also like