សហរដ្ឋអាមេរិកសាទរចំពោះវឌ្ឍនភាពដ៏ល្អបំផុត ក្នុងកិច្ចចរចាសន្តិភាពអ៊ុយក្រែននៅប្រទេសស្វីស
រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Marco Rubio បាននិយាយថា វឌ្ឍនភាពដ៏អស្ចារ្យ ត្រូវបានសម្រេចក្នុងការចរចាបញ្ចប់ផែនការសន្តិភាពដែលស្នើឡើងដោយសហរដ្ឋអាមេរិក ដើម្បីបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន។ លោក Rubio បាននិយាយបន្ទាប់ពីបានជួបជាមួយក្រុមអ្នកចរចាអ៊ុយក្រែន និងអឺរ៉ុបនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ថាប៉ុន្តែនៅតែមានការងារមួយចំនួនដែលត្រូវធ្វើ។
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បាននិយាយថា មានសញ្ញាដែលបង្ហាញថាក្រុមរបស់លោកប្រធានាធិបតី Donald Trump កំពុងស្តាប់ពួកលោក។
អ៊ុយក្រែន និងសម្ព័ន្ធមិត្តអឺរ៉ុបរបស់ខ្លួនបានសម្តែងការព្រួយបារម្ភពីសំណើលេចធ្លាយ ដែលត្រូវបានគេមើលឃើញថាបំពេញចិត្តរុស្ស៊ី និងត្រូវបានស្វាគមន៍ដោយលោក Vladimir Putin ថាជាមូលដ្ឋានសម្រាប់ការដោះស្រាយជម្លោះ។ លោក Zelenskyyនិយាយថា អ៊ុយក្រែនអាចប្រឈមនឹងជម្រើសដ៏លំបាក ទាំងការបាត់បង់សេចក្តីថ្លៃថ្នូរ ឬប្រឈមនឹងការបាត់បង់ដៃគូសំខាន់។
ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មានកាលពីរាត្រីថ្ងៃអាទិត្យ លោក Rubio បាននិយាយថា ក្រុមចរចានៅទីក្រុងហ្សឺណែវមានថ្ងៃល្អណាស់។លោកថា គោលដៅចម្បងគឺព្យាយាមបង្រួមចំណុចដែលនៅសេសសល់ ពីផែនការរបស់សហរដ្ឋអាមេរិក ២៨ ចំណុច ហើយភាគីពាក់ព័ន្ធសម្រេចបានគោលដៅនោះក្នុងវិធីដ៏សំខាន់។យ៉ាងណាក៏ដោយ អ្នកការទូតជាន់ខ្ពស់របស់អាមេរិករូបនេះបានបន្ថែមថា កិច្ចព្រមព្រៀងចុងក្រោយណាមួយនឹងត្រូវតែមានការឯកភាពពីប្រធានាធិបតីអ៊ុយក្រែន និងសហរដ្ឋអាមេរិក មុនពេលកញ្ចប់នេះត្រូវបានផ្ញើទៅរុស្ស៊ី។
សេចក្តីថ្លែងការណ៍រួមរវាងសហរដ្ឋអាមេរិក និងអ៊ុយក្រែន ដែលបានចេញផ្សាយនៅពេលបន្ទាប់កាលពីថ្ងៃអាទិត្យបាននិយាយថា ក្របខ័ណ្ឌសន្តិភាពដែលបានធ្វើបច្ចុប្បន្នភាព និងចម្រាញ់ ត្រូវបានឯកភាពដោយប្រទេសទាំងពីរ ហើយថាពួកគេបានយល់ព្រមលើការងារយ៉ាងស៊ីជម្រៅលើសំណើរួមនៅរយៈពេលប៉ុន្មានថ្ងៃខាងមុខ៕



