គ្រោះថ្នាក់ចរាចរណ៍ដ៏គួរឱ្យសង្វេគ! រថយន្តបុកបន្តគ្នា៣គ្រឿង លើផ្លូវជាតិលេខ៦ បណ្តាលឲ្យរបួសធ្ងន់២នាក់ និងស្រាល១នាក់

កំពង់ធំ៖ គ្រោះថ្នាក់ចរាចរណ៍ដ៏គួរឱ្យសង្វេគបានកើតឡើងនៅ ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅចំណុចភូមិកំញ៉ាត ឃុំទ្រៀល ស្រុកតាំងគោក ខេត្តកំពង់ធំ តាមបណ្តោយផ្លូវជាតិលេខ៦។

មុនពេលកើតហេតុ រថយន្តយីឌុបដឹកស្រូវមួយគ្រឿង (មិនច្បាស់ស្លាកលេខ) បានចតនៅខាងស្តាំដងផ្លូវដោយគ្មានសញ្ញាព្រមាន។ លុះដល់វេលាកើតហេតុ រថយន្តម៉ាក Toyota Prius ពណ៌ស (មិនច្បាស់ស្លាកលេខ) ធ្វើដំណើរពីជើងមកត្បូង បានព្យាយាមគេចគោយន្តកន្ត្រៃយឺតៗមួយគ្រឿង បណ្តាលឱ្យជ្រុលចង្កូតទៅបុកជាមួយរថយន្តយីឌុបដឹកស្រូវខាងមុខយ៉ាងពេញទំហឹង។ ភ្លាមនោះ រថយន្តម៉ាក Avanza ពណ៌សមួយគ្រឿងទៀត ដែលធ្វើដំណើរមកពីក្រោយក្នុងទិសដៅដូចគ្នា មិនអាចហ្វ្រាំងទាន់ ក៏បុកបន្តជាមួយរថយន្ត Prius ម្តងទៀត។
រថយន្ត Toyota Prius ខូចធ្ងន់ខ្ទេចផ្នែកខាងមុខទាំងស្រុង រថយន្ត Avanza ខូចធ្ងន់ផ្នែកខាងមុខ
រថយន្តយីឌុបដឹកស្រូវត្រូវរងការខូចខាតផងដែរ ។
ចំពោះជនរងគ្រោះ ៖ នៅក្នុងរថយន្ត Prius មានអ្នកជិះ២នាក់ (ជនជាតិខ្មែរ១នាក់ និងជនជាតិចិន១នាក់) រងរបួសធ្ងន់សន្លប់ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ធំ
អ្នកបើកបររថយន្ត Avanza ជាបុរសខ្មែរ១នាក់ របួសស្រាល ។

ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចចរាចរណ៍ខេត្តកំពង់ធំ និងប៉ុស្តិ៍នគរបាលរដ្ឋបាលស្រុកតាំងគោក បានចុះដល់កន្លែង សម្រួលចរាចរណ៍ និងបញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យជាបន្ទាន់ ៕

You might also like