កម្ពុជា-ថៃ បោះបង្គោលបណ្តោះអាសន្ននៅខ្សែព្រំដែនចន្លោះបង្គោលលេខ ៥២-៥៩ បាន ១៥៧ បង្គោល
ក្រុមការងារវាស់វែងចម្រុះកម្ពុជា-ថៃ បានសម្រេចការងារបោះបង្គោលបណ្តោះអាសន្ននៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោលលេខ ៥២-៥៩ ព្រំដែនកម្ពុជាថៃបាន ១៥៧ បង្គោលស្មើនឹង ៩៥%។
ឯកឧត្ដម នេត្រ ភក្រ្តា រដ្ឋមន្ដ្រីក្រសួងព័ត៌មាន បានឱ្យដឹងនៅយប់ថ្ងៃទី២៤ ខែវិច្ឆិកានេះថា ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រុមវាស់វែងចម្រុះនៃភាគីកម្ពុជា និងភាគីថៃ បានសម្រេចការងារបោះបង្គោលបណ្តោះអាសន្ននៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោលលេខ ៥២-៥៩ ព្រំដែនកម្ពុជាថៃ ស្ថិតក្នុងភូមិសាស្រ្តស្រុកកំរៀង ខេត្តបាត់ដំបង របស់កម្ពុជា ជាប់នឹងខេត្តចាន់បុរី របស់ថៃ បានចំនួន ១៥៧ បង្គោល នៃបង្គោលសរុបដែលត្រូវបោះចំនួន ១៦៦ ស្មើនឹង ប្រមាណ ៩៥%។
ឯកឧត្ដម នេត្រ ភក្រ្តា បន្ថែមថា ភាគីទាំងពីររំពឹងថា នឹងសម្រេចការងារបោះបង្គោលបណ្តោះអាសន្នឱ្យបានរួចរាល់នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥។ តាមផែនការដែលបានឯកភាពគ្នា ភាគីកម្ពុជា និងភាគីថៃ នឹងបន្តការងារថតរូបពីលើអាកាសដោយប្រើដ្រូន នៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោលលេខ ៥២-៥៩ ចាប់ពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ តទៅ៕



