ឯកឧត្តម អឿង ចន្ថា អនុរដ្ឋលេខាធិការ អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តការងារឆ្នាំ២០២៦ របស់លេខាធិការដ្ឋានគណៈកម្មាធិការជាតិគ្រប់គ្រងអាងទន្លេ
នៅទីស្ដីការក្រសួង នាថ្ងៃពុធ ៦កើត ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ឯកឧត្តមសាស្រ្តាចារ្យបណ្ឌិត អឿង ចន្ថា អនុរដ្ឋលេខាធិការ និងជាប្រធានលេខាធិការដ្ឋានគណៈកម្មាធិការជាតិគ្រប់គ្រងអាងទន្លេ ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ដ្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងអាងទន្លេ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តការងារឆ្នាំ២០២៦ របស់លេខាធិការដ្ឋានគណៈកម្មាធិការជាតិគ្រប់គ្រងអាងទន្លេ ដោយមានការចូលរួមពីឯកឧត្តមអនុប្រធាន អស់លោក លោកស្រី ជាអនុប្រធាន ព្រមទាំងសមាជិក សមាជិការបស់លេខាធិការដ្ឋានជាច្រើនរូប។
ឯកឧត្តមអនុរដ្ឋលេខាធិការបានមានប្រសាសន៍ថា កិច្ចប្រជុំនេះគឺមានគោលបំណងដើម្បី ទី១)ធ្វើការបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តការងារឆ្នាំ២០២៦ ទី២)ពិភាក្សាពីវឌ្ឍនភាពការងារមួយចំនួនដែលបានអនុវត្ត និងទី៣)ធ្វើបទបង្ហាញស្តីពីសកម្មភាពនៃការពង្រឹងវិធានការច្បាប់ពាក់ព័ន្ធ និងការគ្រប់គ្រងអាងទន្លេប្រចាំឆ្នាំ២០២៥។
ឯកឧត្តមអនុរដ្ឋលេខាធិការបានញ្ជាក់បន្ថែមថា ក្នុងឆ្នាំ២០២៥នេះ លេខាធិការដ្ឋានបានខិតខំប្រឹងប្រែងបំពេញការងាររបស់ខ្លួនយ៉ាងសកម្ម និងសម្រេចបានលទ្ធផលគួរជាទីមោទនៈក្នុងការរៀបចំកិច្ចប្រជុំសមាជិកគណៈកម្មាធិការគ្រប់គ្រងអាងទន្លេ បន្តការងារព្រឹត្តិបត្រព័ត៌មានប្រតិបត្តិការទំនប់សំខាន់ៗ ការជំរុញផ្សព្វផ្សាយអនុក្រឹត្យស្ដីពីការគ្រប់គ្រងអាងទន្លេដល់ថ្នាក់ខេត្ត ការជួយសម្របសម្រួលរៀបចំបង្កើតគណៈកម្មាធិការគ្រប់គ្រងអាងទន្លេទាំង២៥ រាជធានី-ខេត្ត និងការចុះអនុវត្តពង្រឹងវិធានការច្បាប់នៃអនុក្រឹត្យស្តីពីការគ្រប់គ្រងអាងទន្លេ នៅតាមបណ្តាអាងស្ទឹងទន្លេនានា។
ជាចុងក្រោយ ឯកឧត្តមអនុរដ្ឋលេខាធិការបានថ្លែងអំណរគុណ ផ្តាំផ្ញើ និងជំរុញលើកទឹកចិត្តដល់សមាជិក សមាជិកានៃលេខាធិការដ្ឋានទាំងអស់ត្រូវសហការ និងខិតខំប្រឹងប្រែងអនុវត្តការងារតាមតួនាទី ភារកិច្ចរៀងៗខ្លួនឱ្យមានប្រសិទ្ធភាព និងទទួលបានជោគជ័យ ព្រមទាំងគោរពរាយការណ៍ពីវឌ្ឍនភាពការងារប្រចាំឆ្នាំជូនឯកឧត្តមរដ្ឋមន្ត្រី និងជាប្រធានគណ:កម្មាធិការជាតិគ្រប់គ្រងអាងទន្លេ ដើម្បីទទួលបានអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់បន្ថែមទៀត៕






