ឃាត់ខ្លួនបុរសម្នាក់ ក្រោមបទចោទប្រកាន់ មិនបំពេញកាតព្វកិច្ច ចំពោះឧបករណ៍អាចជួញដូរបាន
(ភ្នំពេញ)៖ កម្លាំងនគរបាលនាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានឃាត់ខ្លួនបុរសម្នាក់ឈ្មោះ ហុង ម៉ុងហេង ក្រោមបទចោទប្រកាន់ មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន។
មន្រ្តីនគរបាលនាយកដ្ឋានព្រហ្មទណ្ឌ បានបញ្ជាក់ថា ការចាប់ខ្លួនជនត្រូវចោទ បានធ្វើឡើងក្រោមដីកាបញ្ជាឲ្យចាប់ខ្លួនរបស់លោក អ៉ី សុវណ្ណ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ដែលចេញកាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥។
យោងតាមដីកាបញ្ជាឲ្យចាប់ខ្លួនរបស់តុលាការ, ជនត្រូវចោទឈ្មោះ ហុង ម៉ុងហេង អាយុ៥៣ឆ្នាំ រស់នៅភូមិ៣ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក។
លោក ហុង ម៉ុងហេង ត្រូវបានតំណាងអយ្យការសម្រេចចោទប្រកាន់ពីបទ មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន (សែកស្អុយ) ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៤។
ក្រោយការឃាត់ខ្លួន លោក ហុង ម៉ុងហេង ត្រូវបាននគរបាលនាយកដ្ឋានព្រហ្មទណ្ឌ បញ្ជូនទៅសួរនាំ ដើម្បីចាត់ការបន្តទៀត។






