លោក ស៊ីនឌី បានរៀបរាប់ថា លោក អុឹង សុីវឈន់ និង ព្រះអង្គម្ចាស់ក្សត្រីយ៍ នរោត្តម ពង្ស់សូរិយា ស្តេចសព្វព្រះទ័យប្រោសប្រទាន និង ជូនជាកាដូអនុស្សាវរីយ៍ដ៏វិសេសវិសាល នូវចម្លាក់ផ្លែល្ពៅប្រាក់ដាំត្បូងពេជ្រដល់ សុីន ឌី
ព្រះពិធីអាវាហវិវាហមង្គលរបស់ ព្រះអង្គម្ចាស់ក្សត្រិយ៍ នរោត្តម ពង្ស់សូរិយា និង ព្រះសា្វមី អ៊ឹង ស៊ីវឈន់ ដែលបានរៀបចំអស់រយៈពេល ២ ថ្ងៃ ពោលគឺនៅថ្ងៃទី ២៦ និង ២៧ ខែវិច្ឆិកា ឆ្នាំ ២០២៥ កន្លងទៅ ដោយមានទាំងការរៀបចំក្នុងព្រះបរមរាជវាំងចតុមុខមង្គល, នៅគេហដ្ឋាន និង នៅទីតាំងទទួលភ្ញៀវពេលល្ងាចបានបញ្ចប់ហើយនោះ រូបភាពជាច្រើនសន្លឹកយ៉ាងស្រស់ស្អាតរបស់គូស្វាមីភរិយាថ្មីខាងលើ ក៏ត្រូវបានចែករំលែកព្រោងព្រាតនៅលើបណ្តាញសង្គមនានា។
ក្នុងនោះដែរ ទិដ្ឋភាពនៃព្រះពិធីអាវាហវិវាហមង្គលរបស់ព្រះអង្គម្ចាស់ក្សត្រិយ៍ នរោត្តម ពង្ស់សូរិយា និង ព្រះសា្វមី អ៊ឹង ស៊ីវឈន់ បានរៀបចំឡើងតាមកម្មពិធីប្រពៃណីផ្សេងៗ យ៉ាងខ្ជាប់ខ្ជួន ជាមួយនឹងការតុបតែងពិធីយ៉ាងប្រណីត ព្រមទាំងឈុតនីមួយៗ សុទ្ធសឹងតែជាឈុតប្រពៃណីបុរាណខ្មែរដ៏ល្អឯក សម្រិតសម្រាំងយ៉ាងពិសេសពីទឹកដីជាងចំណានថែមទៀតផង។
ជាក់ស្តែង ក្រោយពីពិធីអាវាហវិវាហមង្គលរបស់ព្រះអង្គម្ចាស់ក្សត្រិយ៍ នរោត្តម ពង្ស់សូរិយា និង ព្រះសា្វមី អ៊ឹង ស៊ីវឈន់ បានបញ្ចប់រួចរាល់ហើយនោះ មហាជនបានឃើញ លោក ស៊ីនឌី ម្ចាស់សំអាការ ស៊ីនឌី បានបង្ហោះសារ អរព្រះគុណដល់ អង្គម្ចាស់ក្សត្រិយ៍ នរោត្តម ពង្ស់សូរិយា និង ព្រះសា្វមី អ៊ឹង ស៊ីវឈន់ ដែលបានជូនកាដូអនុស្សាវរីយ៍ដល់លោក ក្នុងនាមជាអ្នកសំអាង ដែលបានរៀបចំពិធីដ៏ពិសេសនេះ។
ក្នុងនោះ លោក ស៊ីនឌី បានរៀបរាប់ថា «លោក អុឹង សុីវឈន់ និង ព្រះអង្គម្ចាស់ក្សត្រីយ៍ នរោត្តម ពង្ស់សូរិយា ស្តេចសព្វព្រះទ័យប្រោសប្រទាន និង ជូនជាកាដូអនុស្សាវរីយ៍ដ៏វិសេសវិសាល នូវចម្លាក់ផ្លែល្ពៅប្រាក់ដាំត្បូងពេជ្រដល់ សុីន ឌី សំអាងការ ជាព្រះអំណោយអនុស្សវរីយ៍គួរឱ្យរំភើបក្រៃលែងក្នុងវរោកាសនៃព្រះពិធីអវាហវិវាហមង្គលការរបស់ព្រះអង្គ។ សុីនឌី សំអាងការ សូមអរព្រះគុណ និង សូមថ្វាយព្រះពរព្រះអង្គម្ចាស់ក្សត្រីយ៍ និង ស្វាមីបានប្រកបតែសុខសុភមង្គលបវរមហាប្រសើរ និង សូមឱ្យព្រះបារមីនៃព្រះមហាក្សត្រ ព្រះមហាក្សត្រីយានីខ្មែរគ្រប់ព្រះអង្គ ទេវតារក្សាព្រះមហាស្វេតឆ័ត្រយាងអភិបាលគ្រងរក្សាប្រោះព្រំប្រសិទ្ធីព្រះពរជ័យមង្គលដ៏ឧត្តុង្គឧត្តម ដល់អវាហមង្គលការគូស្វាមីភរិយាថ្មី»៕






