នាយឧត្តមសេនីយ៍ ខឹម សោភ័ណ ចុះសួរសុខទុក្ខមន្ត្រី និងបុគ្គលិកនៃកងឯកភាពកម្ចាត់មីនទី៥ ប្រតិបត្តិការទីវាលដែលកំពុងបំពេញការងារក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ ខេត្តក្រចេះ ខេត្តស្ទឹងត្រែង និងខេត្តកំពង់ចាម
ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ខឹម សោភ័ណ ប្រធានក្រុមប្រឹក្សាភិបាលផ្ទេរសិទ្ធស៊ីម៉ាក់ និងគណៈប្រតិភូអមដំណើរ ចាប់ពីថ្ងៃទី២៦ ដល់ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ បានអញ្ជើញចុះ សួរសុខទុក្ខមន្ត្រី និងបុគ្គលិកនៃកងឯកភាពកម្ចាត់មីនទី៥ ប្រតិបត្តិការទីវាលដែលកំពុងបំពេញការងារក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ ខេត្តក្រចេះ ខេត្តស្ទឹងត្រែង និងខេត្តកំពង់ចាម។
ក្នុងឱកាសនេះផងដែរ ឧត្តមសេនីយ៍ ខឹម សោភ័ណ បាននាំយកការផ្តាំផ្ញើរការសួរសុខទុក្ខពីសំណាក់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមប្រឹក្សាភិបាលនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា(ស៊ីម៉ាក់) ដែលកំពុងបម្រើការងារក្នុងគោលដៅខាងលើផងដែរ។
បន្ថែមលើសពីនេះទៅទៀត ឧត្តមសេនីយ៍ ខឹម សោភ័ណ សូមថ្លែងអំណរគុណចំពោះកិច្ចខិតខំប្រឹងប្រែងបំពេញការងាររបស់មន្រ្តីនិងបុគ្គលិកនៃកងឯកភាពកំចាត់មីនទី៥ ក្នុងការរំដោះផ្ទៃដីដែលពោរពេញទៅដោយសំណល់យុទ្ធភណ្ឌក្រោយសង្គ្រាមដើម្បីប្រគល់ជូនប្រជាពលរដ្ឋសម្រាប់បង្ករបង្កើនផលប្រកបទៅដោយសុវត្ថិភាព និងជាផ្នែកមួយសម្រាប់ជួយអភិវឌ្ឍន៍ខឿនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា និងជាគោលការណ៍គ្រឹះដ៏សំខាន់ក្នុងការអភិវឌ្ឍន៍ប្រទេសទៅថ្ងៃអនាគត។ ព្រមជាមួយគ្នានេះផងដែរ លោកប្រធាន និងគណៈប្រតិភូអមដំណើរ បាននាំយកនូវក្រមា ចែកជូនមន្ត្រី និងបុគ្គលិក និងកម្លាំងជំនាញទាំងអស់បានចូលរួមក្នុងកម្មវិធីនេះ។
មន្ត្រី និងបុគ្គលិក នៃកងឯកភាពកំចាត់មីនទី៥ ទាំងអស់ បានធ្វេីការគោរពថ្លែងអំណរគុណដល់នាយឧត្តមសេនីយ៍ ខឹម សោភ័ណ ជាប្រធានក្រុមប្រឹក្សាភិបាលផ្ទេរសិទ្ធ ស៊ីម៉ាក់ ដែលបានចំណាយពេលដ៏មានតំលៃចុះសួរសុខទុក្ខមន្ត្រី និងបុគ្គលិកក្រោមចំណុះ និងសូមគោរពជូនពរ ឧត្តមសេនីយ៍ ខឹម សោភ័ណ ជួបប្រទះពុទ្ធពរ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕



