គ្រោះទឹកជំនន់លើកនេះ អ្នកហាតយ៉ៃមួយចំនួនលែងខ្វល់ពីច្បាប់ និងសីលធម៌ នាំគ្នាទៅគាស់ទូរថភ្លើង លួចយកស្រាបៀរសែងទាំងកេសៗទាំងផ្ទះ

ទោះបីទឹកជំនន់ស្រកអស់ទៅហើយក្តី តែភាពចលាចលនៅស្រុកហាតយ៉ៃនៅមិនទាន់បាត់ទេ ដោយក្នុងនោះមនុស្សជាច្រើនខ្វះចំណីអាហារ បណ្តាលឱ្យទៅជាការចូលលួចអាហារតាមហាងផ្សេងៗ រហូតធ្លាយដល់លួចរបស់របរសំខាន់ពីគ្នាឯងទៀត។
ជាក់ស្តែង មិនមែនមានត្រឹមតែការលួចអាហារប៉ុណ្ណោះទេ សារព័ត៌មាន Khaosod បានរាយការណ៍ឱ្យដឹងថា មានករណីប្រជាជនជាច្រើននៅហាតយ៉ៃនាំគ្នាទៅគាស់ទូរថភ្លើង ដែលបានចតខូចនៅស្ថានីយ៍រថភ្លើងហាតយ៉ៃ ហើយបានប្រមូលយកអស់ស្រាបៀរចំនួន ៤ ទូ ដោយម្នាក់នាំគ្នាសែងទាំងកេសៗចេញមកយ៉ាងសប្បាយចិត្ត។
យ៉ាងណាមិញ នាយឧត្តមសេនីយ៍ Kittirat Panphet ដែលជាស្នងការនគរបាលជាតិថៃ បានថ្លែងឱ្យដឹងថា ករណីនេះត្រូវបានចាត់ទុកថាជាករណីលួច ហើយលោកក៏បានចាត់ឱ្យកម្លាំងចុះទៅត្រួតពិនិត្យ និងបង្រ្កាបផងដែរ៕

You might also like