រថយន្តស៊េរីទំនើបចំនួន០២គ្រឿង និងកាំភ្លើងខ្លីចំនួន០២ដើម គ្រាប់ជិត២០០គ្រាប់ព្រមទាំងសម្ភារៈជាច្រើនទៀត ត្រូវបានដកហូតប្រគល់ទៅឱ្យកម្លាំងកងរាជអាវុធហត្ថខេត្តតាកែវ ចាត់ការបន្តតាមផ្លូវច្បាប់ ប៉ុន្តែជនសង្ស័យរត់គេចខ្លួនបាត់ទៅហើយ
ខេត្តកំពង់ស្ពឺ ៖ រថយន្តស៊េរីទំនើបចំនួន០២គ្រឿង និងកាំភ្លើងខ្លីចំនួន០២ដើម គ្រាប់ជិត២០០គ្រាប់ព្រមទាំងសម្ភារៈជាច្រើនទៀត ត្រូវបានធ្វើការដកហូតប្រគល់ទៅឱ្យកម្លាំងកងរាជអាវុធហត្ថខេត្តតាកែវ ចាត់ការបន្តតាមផ្លូវច្បាប់ ខណៈដែលកម្លាំងអាវុធហត្ថស្រុកបសេដ្ឋ បានធ្វើការសហការតាមបទបញ្ជា និងតាមដីការបស់ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ធ្វើការឆែកឆេរផ្ទះជនសង្ស័យម្នាក់ ស្ថិតនៅក្នុងភូមិត្មាតលេង ឃុំបសេដ្ឋ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ។ ប៉ុន្តែជនសង្ស័យបានរត់គេចខ្លួនបាត់ទៅហើយ បន្សល់ទុកតែសម្ភារៈ និងវត្ថុតាងជាច្រើនតែប៉ុណ្ណោះ។
នៅមុនពេលចុះឆែកឆេរទីតាំងលំនៅឋានជនសង្ស័យនេះ នៅ ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយបានការអនុញ្ញាតពីឯកឧត្តម ស៊ីន វីរៈ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ស្ពឺ និងឯកឧត្តម ឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវរួចមក កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថ ស្រុកបរសេដ្ឋនៃខេត្តកំពង់ស្ពឺ និងបានសហការជាមួយកងកម្លាំងកងរាជអាវុធហត្ថខេត្តតាកែវ ចុះឆែកឆេរលំនៅឋានរបស់ឈ្មោះ សែម រក្សា ភេទស្រី អាយុ២៣ឆ្នាំ មុខរបរកម្មការិនីរោងចក្រ ស្ថិតនៅភូមិត្មាតលេង ឃុំបសេដ្ឋ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ប៉ុន្តែជនសង្ស័យបានរត់គេចខ្លួនបាត់ហើយ។
ក្រោយធ្វើការឆែកឆេរទីតាំងនេះ កម្លាំងជំនាញធ្វើការដកហូតវត្ថុតាង÷
~ម្សៅក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀនចំនួន០៣កញ្ចប់ធំ
~រថយន្តស៊េរីទំនើបចំនួន០២គ្រឿង ម៉ូតូចំនួន០១គ្រឿង កាំភ្លើងខ្លីម៉ាក់ឡុកចំនួន០២ដើម បង់ចំនួន០៣(គ្រាប់ចំនួន១៨១គ្រាប់) និងសម្ភារៈប្រើប្រាស់គ្រឿងញៀនមួយចំនួនថែមទៀតផង។
ចំណែកជនសង្ស័យបានរត់គេចខ្លួនបាត់ ចំពោះវត្ថុតាងត្រូវបានកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកបរសេដ្ឋប្រគល់ជូនទៅកងរាជអាវុធហត្ថខេត្តតាកែវ ដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមផ្លូវច្បាប់ ៕



