ការងារចុះវាស់វែង និងខណ្ឌសីមាព្រំដែនកម្ពុជា-ថៃ គឺបានចុះអនុវត្តការងារលើដីតាំងពីឆ្នាំ២០០៦មកម្ល៉េះ
ឆ្លើយតបទៅនឹងមតិលើកឡើងថា ការវាស់វែង និងបោះបង្គោលព្រំដែនបណ្តោះអាសន្ននៅចន្លោះបង្គោលព្រំដែនលេខ ៤២-៤៧ និង លេខ ៥២-៥៩ ធ្វើឡើងដោយប្រញាប់ប្រញាល់ ក្នុងរយៈពេលខ្លី, រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំបានបញ្ជាក់ថា ការងារវាស់វែង និងខណ្ឌសីមាព្រំដែនគោក កម្ពុជា-ថៃ ក្រុមវាស់វែងចម្រុះនៃភាគីទាំងពីរបានចាប់ផ្តើមចុះអនុវត្តការងារនៅលើដីជាក់ស្ដែងចាប់តាំងពីឆ្នាំ២០០៦ មកម្ល៉េះ ដើម្បីវាស់វែងនិងស្វែងរុករកទីតាំងពិតប្រាកដនៃបង្គោលព្រំដែន (បេតុង) ចំនួន ៧៤ បង្គោល ដែលបានបោះដោយគណៈកម្មការបោះបង្គោលព្រំដែនរវាងឥណ្ឌូចិន-សៀម នៅចន្លោះឆ្នាំ១៩១៩-១៩២០ ផ្ទុយពីការលើកឡើងរបស់មតិមួយចំនួនខុសពីការពិត។
ឯកឧត្តម ស្រ៊ឺ បូរ៉ា អគ្គនាយកនៃអគ្គនាយកដ្ឋានបច្ចេកទេស រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន បានបញ្ជាក់ថា ការវាស់វែង និងបោះបង្គោលព្រំដែនបណ្តោះអាសន្ន មិនមែនជាការងារដែលចាប់ផ្ដើមថ្មីទាំងស្រុងនោះទេ ប៉ុន្តែវាជាការងារបច្ចេកទេសដែលបន្តជាជំហានៗពីអ្វីដែលក្រុមការងារបច្ចេកទេសព្រំដែននៃប្រទេសទាំងពីរបានរួមគ្នាធ្វើជិត ២០ឆ្នាំមកហើយ។
ឯកឧត្តម បានបន្តថា កិច្ចការដែលក្រុមវាស់វែងចម្រុះបានអនុវត្តនាពេលកន្លងមក ជាពិសេសនៅកំណាត់ខ្សែព្រំដែន ចន្លោះបង្គោលលេខ៤២-៤៧ និង ៥២-៥៩ ភាគីទាំងពីរបានត្រឹមតែចុះអនុវត្តការងារស្វែងរុករកទីតាំងពិតប្រាកដនៃបង្គោលព្រំដែនតែប៉ុណ្ណោះ និងមិនទាន់បានអនុវត្តការងារខណ្ឌសីមាលើដីជាក់ស្ដែងនៅឡើយ។
ឯកឧត្តម ស្រ៊ឺ បូរ៉ា បានបញ្ជាក់ថា ការវាស់វែង និងបោះបង្គោលបណ្តោះអាសន្ន នៅចន្លោះបង្គោលព្រំដែនលេខ៤២-៤៧ និង លេខ៥២-៥៩ នៅពេលនេះ គឺជាការបន្តអនុវត្តការងារជាជំហានៗដើម្បីឈានទៅដល់ការខណ្ឌសីមាលើដីជាក់ស្ដែង ស្របតាមខ្លឹមសារនៃអនុស្សរណៈនៃការយោគយល់គ្នា (MOU) ឆ្នាំ២០០០ ស្របតាមបែបបទការងារ(TOR)ឆ្នាំ២០០៣ និងស្របតាមស្មារតីនៃកំណត់ហេតុកិច្ចប្រជុំ JBC នាពេលកន្លងមក ព្រមទាំងអនុវត្តតាមបែបបទណែនាំបច្ចេកទេស (Technical Instruction) ដែលភាគីទាំងពីរបានឯកភាពគ្នា៕





