ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការ អញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារសាងសង់សំណង់ស្ទាក់ទឹកកំពង់គោ ស្ថិតក្នុងភូមិសាស្ត្រស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ

នៅថ្ងៃសៅរ៍ ៩កើត ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការ ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ដ្រីក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំក្រុមការងារអង្គភាពគ្រប់គ្រង និងអនុវត្តន៍គម្រោង PMU និងទីប្រឹក្សាបច្ចេកទេសជាតិ-អន្តរជាតិ អញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារសាងសង់សំណង់ស្ទាក់ទឹកកំពង់គោ ស្ថិតក្នុងភូមិសាស្ត្រស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
ឯកឧត្ដមរដ្ឋលេខាធិការបានមានប្រសាសន៍ថា ក្រុមការងារបច្ចេកទេសបានចុះធ្វើការវាស់វែងតាមដានកម្រិតកម្ពស់ និងរូបសាស្ត្រស្ទឹង និងជម្រាលតាមបណ្តោយស្ទឹង ដោយប្រើឧបករណ៍ទំនើបនិងស្វ័យប្រវត្តិឌីជីថល ចាប់ពីស្ពានថ្មទីរួមខេត្តរហូតដល់ទីតាំងសំណង់ស្ទាក់ទឹកកំពង់គោ។
ឯកឧត្តមរដ្ឋលេខាធិការបានបញ្ជាក់បន្ថែមថា ដោយមានការណែនាំដ៏ខ្ពង់ខ្ពស់ពីឯកឧត្ដមរដ្ឋមន្ដ្រី មានការចុះពិនិត្យជាប្រចាំដើម្បីធានាបាននូវសុក្រឹត្យភាពក្នុងការគ្រប់គ្រងធនធានទឹកអាងស្ទឹងសែន ដោយវិធានការចម្រុះឱ្យស្របនឹងទស្សនវិស័យ ចក្ខុវិស័យរបស់ក្រសួង។ ទន្ទឹមនឹងនេះដែរ ឯកឧត្ដមរដ្ឋលេខាធិការក៏បានណែនាំក្រុមហ៊ុនសំណង់ឱ្យយកចិត្តទុកដាក់ខ្ពស់លើគុណភាពការងារ អនាម័យ បរិស្ថាន តាមបទដ្ឋានបច្ចេកទេសបានត្រឹមត្រូវ ជាពិសេសពន្លឿនការងារសាងសង់ឱ្យសម្រេចតាមពេលវេលាដែលបានកំណត់៕

You might also like