រយៈពេល១០ឆ្នាំហើយដែលសិស្សវិទ្យាល័យសម្តេចតេជោ ហ៊ុន សែន ព្រែកកំពឹស ជាប់និទ្ទេស A និង និទ្ទេស B តែងទទួលបានរង្វាន់លើកទឹកចិត្តជាច្រើន ពីឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង!

(ភ្នំពេញ)៖ ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងជាប្រធានក្រុមការងារចុះជួយសង្កាត់ព្រែកកំពឹស នាទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានប្រគល់រង្វាន់លើកទឹកចិត្តដល់សិស្សវិទ្យាល័យ សម្តេចតេជោ ហ៊ុន សែន ព្រែកកំពឹស ស្ថិតនៅក្នុង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ដែលបានប្រលង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៥ ជាប់និទ្ទេសA ចំនួន០១នាក់ និងនិទ្ទេសB ចំនួន១០នាក់។

ពិធីនេះ បានរៀបចំឡើង នៅទីបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រី អនុប្រធានក្រុមការងារ គណៈប្រតិភូអមដំណើរ ក្រុមការងារភូមិ-សង្កាត់ព្រែកកំពឹស យុវជនសង្កាត់ លោកនាយក-នាយករងវិទ្យាល័យ និងមាតា បិតា អាណាព្យាបាលសិស្សជាច្រើននាក់។

លោក រ័ត្ន ស្រ៊ាង បានសម្តែងការអបអរសាទរចំពោះលទ្ធផលសិក្សា របស់ក្មួយៗ ដែលបានសម្រេចជោគជ័យនាពេលនេះ ក៏ដូចជាសម្តែងការអបអរសាទរចំពោះលោកនាយក លោកគ្រូអ្នកគ្រូ អាណាព្យាបាលសិស្ស ដែលបានចូលរួមសហការគ្នាយ៉ាងល្អ ក្នុងការគ្រប់គ្រង អប់រំ បណ្តុះបណ្តាលកូនក្មួយសិស្សានុសិស្ស ឲ្យក្លាយជាកូនល្អ សិស្សល្អ ដែលជាធនធានដ៏មានតម្លៃ មានគុណភាព មានប្រសិទ្ធិភាព ក្នុងការចូលរួមជួយជ្រោមជ្រែងគ្រួសារ បម្រើសង្គម និងអភិវឌ្ឍប្រទេសជាតិ ឲ្យកាន់តែរីកចម្រើនបន្ថែមទៀត។

ដើម្បីចូលរួមលើកទឹកចិត្ត លោក រ័ត្ន ស្រ៊ាង បានផ្តល់ជូននូវរង្វាន់ដូចរាល់ឆ្នាំតាមការសន្យា ដោយសិស្សនិទ្ទេសA ឆ្នាំនេះ មានឈ្មោះ ជឿន សំណាង ភេទប្រុស ទទួលបានម៉ូតូហុងដា វ៉េវ១១០ ស៊េរីឆ្នាំ២០២៥ ចំនួន០១គ្រឿង ថវិកា២០ម៉ឺនរៀល និងនិទ្ទេសB ចំនួន១០នាក់ ម្នាក់ៗទទួលបានកុំព្យូទ័រយួរដៃ០១គ្រឿង និងថវិកា២០ម៉ឺនរៀល។

លោក រ័ត្ន ស្រ៊ាង មានប្រសាសន៍បន្ថែមថា ចាប់តាំងពីលោក បានផ្លាស់ពីមេបញ្ជាការ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ មកកាន់តំណែងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ក្នុងឆ្នាំ២០១៣ និងបានចុះជួយការងារមូលដ្ឋានក្នុងសង្កាត់ព្រែកកំពឹសរហូតមក លោកពិតជាមានមនោសញ្ចេតនាជ្រាលជ្រៅជាមួយគ្រួសារអ្នកព្រែកកំពឹសស្ទើរដូចសាច់ញាតិទៅហើយ ដោយកន្លងមក លោកក៏បានទទួលផ្តល់អំណោយជាប្រចាំរាល់ខែ មាន អង្ករ ថវិកា និងគ្រឿងឧបភោគបរិភោគផ្សេងៗ ដល់ចាស់ជរាគ្មានទីពឹងក៏ដូចជាទុរគតជន ប្រមាណជាង២០គ្រួសារ។ មកដល់ឥឡូវនេះ ពួកគាត់ខ្លះក៏លែងនៅ រីឯចំពោះបងប្អូនដែលខ្វះលទ្ធភាពហើយឈឺស្កាត់ លោកតែងបញ្ជូនគ្រូពេទ្យអង្គភាពឲ្យទៅជួយពិនិត្យព្យាបាល ជូនទៅមន្ទីរពេទ្យ និងជួយសម្រួលចេញថ្លៃព្យាបាលឲ្យពួកគាត់ ដោយឡែកគ្រប់គ្រួសារដែលមានពិធីបុណ្យសព លោក តែងចាត់ក្រុមការងារឲ្យទៅចូលរួមរំលែកទុក្ខនិងចូលរួមថវិកា អង្ករ និងគ្រឿងឧបភោគបរិភោគក្នុងកម្មវិធីបុណ្យផងដែរ។

ក្រៅពីនេះលោកក៏ធ្លាប់បង្កើតបរិយាកាសជួបជុំបរិភោគអាហាររួមគ្នាជាមួយអ្នកភូមិនិងមានកម្មវិធីកម្សាន្តសប្បាយជាមួយពួកគាត់ជាញឹកញាប់ ទាំងនេះហើយដែលលោកលើកឡើងថា ពិតជាមានមនោសញ្ចេតនាជ្រាលជ្រៅជាមួយអ្នកភូមិក្នុងសង្កាត់ព្រែកកំពឹសស្ទើរដូចសាច់ញាតិដូច្នេះដែរ៕

 

You might also like