ចំនួនអ្នកស្លាប់ក្នុងអគ្គិភ័យឆេះអគារនៅហុងកុងកើនឡើងដល់ ១៤៦នាក់ ខណៈទីក្រុងកំពុងកាន់ទុក្ខ
ចំនួនអ្នកស្លាប់ក្នុងអគ្គិភ័យឆាបឆេះអគារអឹផាតមិននៅទីក្រុងហុងកុងបានកើនឡើងដល់ ១៤៦នាក់ និងជាង៤០នាក់បាត់ខ្លួននៅឡើយ គិតត្រឹមថ្ងៃអាទិត្យចុងសប្ដាហ៍មុននេះ ខណៈក្រុមអ្នកស៊ើបអង្កេតបានរកឃើញសាកសពបន្ថែមទៀតនៅក្នុងអគារដែលត្រូវបានឆេះ។
មនុស្សជាច្រើនបានដាក់ផ្កានៅកន្លែងរំលឹកវិញ្ញាណក្ខន្ធបណ្ដោះអាសន្នដែលកំពុងកើនឡើងឥតឈប់ឈរនៅកន្លែងកើតហេតុ ជាគ្រោះមហន្តរាយដ៏អាក្រក់បំផុតក្នុងប្រវត្តិសាស្ត្រទីក្រុងនេះ។
មនុស្សជាច្រើននាក់ បាននាំគ្នាទៅគោរពវិញ្ញាណក្ខន្ធជនរងគ្រោះក្នុងអគ្គិភ័យដ៏អាក្រក់បំផុតនៅទីក្រុងហុងកុង ក្នុងរយៈពេលជិត ៨០ឆ្នាំ ខណៈប្រទេសចិន បានព្រមានថា ខ្លួននឹងប្រើប្រាស់ច្បាប់សន្តិសុខជាតិ ដើម្បីបង្រ្កាបរាល់ការតវ៉ាប្រឆាំងចិនក្រោយគ្រោះអគ្គិភ័យនេះ។
លោក Cheng Ka-chun មន្ត្រីទទួលបន្ទុកកិច្ចការនេះបាននិយាយថា អង្គភាពកំណត់អត្តសញ្ញាណជនរងគ្រោះនៃមហន្តរាយរបស់នគរបាលហុងកុង បានត្រួតពិនិត្យប្លុកអគារ Wang Fuk ដោយប្រុងប្រយ័ត្ន ហើយបានរកឃើញសាកសពទាំងនៅក្នុងអឹផាតមិន និងនៅលើដំបូល។
ក្រុមមន្ត្រីហុងកុងបានប្រកាសកាលពីយប់ថ្ងៃសៅរ៍ថា ពួកគេបានបញ្ជាឱ្យផ្អាកការងារជាបន្ទាន់លើគម្រោងសាងសង់ចំនួន ២៨ ដែលធ្វើឡើងដោយក្រុមហ៊ុនសំណង់ និងវិស្វកម្ម Prestige ដូចគ្នា សម្រាប់ការត្រួតពិនិត្យសុវត្ថិភាព។
អគារអឹផាតមិនចំនួនប្រាំបី កម្ពស់ ៣១ជាន់ នៅតំបន់ Tai Po ជាយក្រុងមួយក្បែរព្រំដែនហុងកុង-ចិនដីគោក មួយនេះ ត្រូវបានសាងសង់ក្នុងទសវត្សរ៍ឆ្នាំ ១៩៨០ ។ប្លុកអគារខ្ពស់ៗនេះ មានផ្ទះជិត ២.០០០ ខ្នង និងមានអ្នករស់នៅជាង ៤.៦០០ នាក់នាក់ ៕






