ក្រសួងកសិកម្ម ៖ ស្ថានភាពការនាំស្រូវចេញទៅប្រទេសវៀតណាម តាមច្រកនានានាំចេញសរុប (គិតត្រឹមថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ មានចំនួន ៧០៣ ៤២៨តោន
ខេត្តតាកែវ៖ លោក តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥ បានដឹកនាំក្រុមការងារជំនាញ ចុះពិនិត្យការងារប្រមូលផលស្រូវរដូវវស្សា និងការនាំចេញស្រូវ នៅស្រុកសំរោង និងស្រុកអង្គរបូរី ក្នុងខេត្តតាកែវ។
ដំណើរបេសកកម្មចុះពិនិត្យនោះ មានការចូលរួមពី លោក សុខ វិសាល អនុរដ្ឋលេខាធិការ លោក ញ៉ិប ស្រ៊ន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តតាកែវ និងអាជ្ញាធរស្រុក-ឃុំ ការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុក មន្រ្តីកសិកម្មឃុំ និងរួមជាមួយប្រជាកសិករនៅតំបន់នោះ។
នាឱកាសនោះ លោក តូច ប៊ុនហួរ បានផ្តល់ជាអនុសាសន៍ដល់អាជ្ញាធរជួយផ្សព្វផ្សាយឱ្យកសិករផលិតស្រូវរដូវប្រាំងតាមផែនការ ជៀសវាងបង្កើនផ្ទៃដីបន្ថែមទៀត ដែលអាចនាំឱ្យខ្វះទឹក និងត្រូវចំណាយថ្លៃដើមផលិតខ្ពស់។ ចំពោះមន្រ្តីកសិកម្មឃុំត្រូវគិតពីការធ្វើស្រែបង្ហាញតាមឃុំនីមួយៗ បង្ហាញការគណនានូវថ្លៃដើមផលិតឱ្យបានច្បាស់លាស់ បានប្រាក់ចំណេញអាចទទួលយកបាន។ លោកសូមឱ្យបងប្អូនប្រជាកសិករកុំយកបញ្ហាកសិកម្មទៅបង្កើតបាតុភាពណាមួយ ប៉ះពាល់ដល់សង្គមជាតិ បើមានបញ្ហាសូមទំនាក់ទំនងមន្រ្តីកសិកម្មឃុំ មន្ទីរ ឬអាជ្ញាធរមូលដ្ឋាន។
តាមរបាយការណ៍របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តតាកែវបានឱ្យដឹងថា គិតត្រឹមសប្តាហ៍ទី៤ ខែវិច្ឆិកា ឆ្នាំ២០២៥ ស្រូវវស្សា ឆ្នាំ២០២៥-២០២៦ ផែនការដាំដុះ ២១០ ០០០ហិកតា អនុវត្តបាន ២៣៨ ០៨១ ហិកតា ស្មើនឹង ១១៣,៣៧% លើផ្ទៃដីប្រមូលផលសរុប ២៣៥ ៥៣៤ហិកតា ប្រមូលផលបាន ១៤០ ៤៣៧ហិកតា ស្មើនឹង ៥៩,៦២% ទិន្នផលមធ្យម ៣.៣៧ហិកតា បរិមាណផលសរុប ៥០៤ ៦៣៧តោន។
សម្រាប់រដូវប្រាំង២០២៥-២០២៦ ផែនការដាំដុះ ១០០ ០០០ហិកតា អនុវត្តបាន ១១ ៣៤១ហិកតា ស្មើនឹង ១១,៣៤%។ សម្រាប់ស្ថានភាពការនាំស្រូវចេញទៅប្រទេសវៀតណាមតាមច្រកនានានាំចេញសរុប (គិតត្រឹមថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ មានចំនួន ៧០៣ ៤២៨ តោន៕



