អ៊ីរ៉ង់នឹងមិនចូលរួមការចាប់ឆ្នោតបែងចែកពូល World Cup ដោយសារបញ្ហាទិដ្ឋការ
សហព័ន្ធបាល់ទាត់អ៊ីរ៉ង់បានបញ្ជាក់ថា ពួកគេក្រោធ្វើពហិការមិនចូលរួមពិធីចាប់ឆ្នោតបែងចែកពូល World Cup 2026 នៅសហរដ្ឋអាមេរិកសប្តាហ៍នេះ ដោយសារបញ្ហាទិដ្ឋការដែលត្រូវបានកំណត់។
បើតាមសារព័ត៌មានអ៊ីរ៉ង់ Tehran Times បានចុះផ្សាយថា សហរដ្ឋអាមេរិកបានផ្តល់ទិដ្ឋការតែបួននាក់ប៉ុណ្ណោះសម្រាប់ប្រតិភូអ៊ីរ៉ង់ចូលរួមការចាប់ឆ្នោតនោះ ដែលមិនមានវត្តមានប្រធានសហព័ន្ធអ៊ីរ៉ង់លោក Mehdi Taj ឡើយ។
លោក Mehdi Taj បានឱ្យដឹងថា លោកបានផ្តល់ព័ត៌មាននេះទៅកាន់ប្រធាន FIFA លោក Gianni Infantino រួចហើយជុំវិញបញ្ហានេះ។
ពិធីចាប់ឆ្នោតគ្រោងនឹងធ្វើនៅថ្ងៃសុក្រសប្តាហ៍នេះនៅរដ្ឋធានី Washington DC។
អ៊ីរ៉ង់បានទទួលកៅអីសម្រាប់ព្រឹត្តិការណ៍ World Cup រួចរាល់ដែលនឹងជាលើកទី ៧ និងបួនព្រឹត្តិការណ៍ជាប់គ្នាផងដែរ។
សហរដ្ឋអាមេរិក ដែលជាសហម្ចាស់ផ្ទះ World Cup ឆ្នាំក្រោយជាមួយកកាណាដា និងម៉ិកស៊ិកនោះ មានការរឹតបន្តឹងទិដ្ឋការសម្រាប់អ្នកនយោបាយអ៊ីរ៉ង់ដោយសារបញ្ហាសុវត្ថិភាព។
កាលពីខែមិថុនា ប្រធានាធិបតីអាមេរិកលោក Donald Trump បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងហាមឃាត់ប្រជាជនមកពីប្រទេសចំនួន ១២ មិនឱ្យចូលទឹកដីសហរដ្ឋអាមេរិក ក្នុងន័យរឹតបន្តឹងពីការគម្រាមកំហែងសន្តិសុខជាតិ។
អ៊ីរ៉ង់ជាប្រទេសមួយដែលរងផលប៉ះពាល់ពីការដាក់បម្រាមនេះ ទោះបីជាបទបញ្ជាប្រតិបត្តិត្រូវបានសន្មត់ថាលើកលែងសម្រាប់អត្តពលិក និងប្រតិភូគ្រូបង្វឹកដែលធ្វើដំណើរសម្រាប់ការប្រកួតបាល់ទាត់ពិភពលោក និងអូឡាំពិកឆ្នាំ ២០២៨ ក៏ដោយ៕



