លោក Macron ទៅទស្សនកិច្ចនៅចិន ក្នុងសប្ដាហ៍នេះ ខណៈអឺរ៉ុប ស្វះស្វែងរកបង្អែកសេដ្ឋកិច្ច
ក្រសួងការបរទេសចិន បានបញ្ជាក់ថា ប្រធានាធិបតីបារាំង លោក Emmanuel Macron នឹងទៅកាន់ប្រទេសចិន ក្នុងសប្តាហ៍នេះ រួមមានទីក្រុងប៉េកាំង និងខេត្តស៊ីឈួន ចាប់ពីថ្ងៃទី៣ ដល់ទី៥ ខែធ្នូ តបតាមការអញ្ជើញរបស់ប្រធានាធិបតីចិន សម្រាប់ដំណើរទស្សនកិច្ចផ្លូវរដ្ឋជាលើកទី៤ របស់លោក ខណៈអឺរ៉ុប ស្វះស្វែងបង្កើតតុល្យភាព រវាងការគំរាមកំហែងផ្នែកសេដ្ឋកិច្ចនិងសន្តិសុខពីទីក្រុងប៉េកាំង ជាមួយនឹងការពឹងផ្អែកលើសេដ្ឋកិច្ចធំទីពីររបស់ពិភពលោកមួយនេះ អំឡុងចលាចលពាណិជ្ជកម្មពិភពលោក។
ក្រុមអ្នកវិភាគនិយាយថា កន្លងមក លោក Macron បានស្វះស្វែងបង្កើតរណសិរ្សអឺរ៉ុបដ៏រឹងមាំក្នុងការទប់ទល់ជាមួយឥទ្ធិពលដ៏ខ្លាំងក្លារបស់ចិន ប៉ុន្តែជាមួយគ្នានេះ លោកក៏រក្សាការការប្រុងប្រយ័ត្នមិនឱ្យទីក្រុងប៉េកាំងខឹងសម្បារ ក្នុងពេលទំនាក់ទំនងពាណិជ្ជកម្ម សន្តិសុខ និងការទូត ប្រឈមការសាកល្បង។
លោក Macron នឹងចាប់ផ្តើមដំណើររបស់លោកទៅកាន់ទីក្រុងប៉េកាំង នៅថ្ងៃពុធស្អែកនេះ ហើយនឹងជួបជាមួយលោកប្រធានាធិបតី Xi Jinping នៅថ្ងៃព្រហស្បតិ៍ ក្នុងរដ្ឋធានី និងជួបម្តងទៀតនៅថ្ងៃសុក្រ ក្នុងអំឡុងដំណើរទៅកាន់ទីក្រុងឆឹងទូ ក្នុងខេត្តស៊ីឈួន ភាគនិរតី។
ដំណើររបស់លោក Macron កើតឡើងបន្ទាប់ពីទស្សនកិច្ចដ៏តានតឹងរបស់ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen នៅខែកក្កដាកន្លងទៅ ជាពេលដែលលោកស្រីបាននិយាយថា ទំនាក់ទំនងរវាងសហភាពអឺរ៉ុបនិងចិន ស្ថិតក្នុង “ចំណុចរបត់” ដ៏សំខាន់។ មេដឹកនាំអឺរ៉ុបផ្សេងទៀត ពោលគឺនាយករដ្ឋមន្ត្រីអង់គ្លេស Keir Starmer និងអធិការបតីអាល្លឺម៉ង់ Friedrich Merz នឹងធ្វើទស្សនកិច្ចទៅចិន នៅដើមឆ្នាំក្រោយនេះ៕



