ថៃ ខាតបង់សេដ្ឋកិច្ចធ្ងន់ធ្ងរពីទឹកជំនន់ ខណៈក្លាយជាការសាកល្បង សម្រាប់នាយករដ្ឋមន្ត្រីថៃមុនការបោះឆ្នោត
រដ្ឋាភិបាលថៃបានប្រកាសវិធានការសង្គ្រោះថ្មីៗសម្រាប់ជនរងគ្រោះនៃទឹកជំនន់ដ៏ធ្ងន់ធ្ងរបំផុតមួយរបស់ប្រទេសក្នុងរយៈពេលជាច្រើនទសវត្សរ៍កាលពីថ្ងៃទី១ធ្នូសប្ដាហ៍នេះ ពោលគឺប៉ុន្មានសប្តាហ៍មុនការអំពាវនាវឱ្យមានការបោះឆ្នោតមុនអាណត្តិ។ការស្ទង់មតិរបស់សាកលវិទ្យាល័យ Suan Dusit University ធ្វើឡើងកាលពីសប្តាហ៍មុនអំឡុងទឹកជំនន់ខ្លាំងបំផុត បានរកឃើញថា ការគាំទ្រលើលោក Anutin បានធ្លាក់ចុះពី ៤៨% មកត្រឹម២៣%។
ការស្ទង់មតិលើមនុស្ស ២.២០៨នាក់ ដែលត្រូវបានចេញផ្សាយកាលពីថ្ងៃអាទិត្យបង្ហាញថា ទឹកជំនន់មិនត្រឹមតែបង្កការខូចខាតដល់ប្រជាជនប៉ុណ្ណោះទេថែមទាំងប៉ះពាល់ដល់ប្រជាប្រិយភាពរបស់រដ្ឋាភិបាលទៀតផង។
រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ លោក Ekniti Nitithanprapasនិយាយថា គ្រួសារដែលរងផលប៉ះពាល់ដោយគ្រោះមហន្តរាយម្នាក់ៗនឹងទទួលបានប្រាក់៩.០០០ បាត ប្រហែលជាង២៨០ដុល្លារអាមេរិក ខណៈមន្ត្រីកំពុងប្រឹងប្រែងទប់ស្កាត់ទាំងការខាតបង់សេដ្ឋកិច្ច និងការរិះគន់ចំពោះការឆ្លើយតបរបស់រដ្ឋាភិបាល។
ទឹកជំនន់បានសម្លាប់មនុស្ស១៧៦ នាក់ ជន់លិចទីក្រុងជាច្រើន និងរំខានដល់ជីវិតគ្រួសារជាង ២ លាននៅភាគខាងត្បូងហើយខេត្តSongkhlaរងផលប៉ះពាល់ខ្លាំងបំផុត។ប្រជាជនថៃរិះគន់អាជ្ញាធរចំពោះការឆ្លើយតបយឺតយ៉ាវ និងមិនស្មើគ្នា ហើយមន្ត្រីរដ្ឋាភិបាលបានទទួលស្គាល់កំហុសក្នុងការគ្រប់គ្រងវិបត្តិនេះ។
ដោយផលប៉ះពាល់សេដ្ឋកិច្ចកំពុងកើនឡើង មជ្ឈមណ្ឌលស្រាវជ្រាវ Krungsri Research បានប៉ាន់ប្រមាណថាការខាតបង់សេដ្ឋកិច្ចសរុបមានរហូតដល់២៣,៦ពាន់លានបាត ដោយសណ្ឋាគារ និងភោជនីយដ្ឋានស្ថិតក្នុងចំណោមអ្នកដែលរងផលប៉ះពាល់ខ្លាំងបំផុត។យោងតាមមជ្ឈមណ្ឌលស្រាវជ្រាវ Kasikorn ការខូចខាតដល់ទិន្នផលកៅស៊ូ និងប្រេងដូង និងឧស្សាហកម្មសំខាន់ៗក្នុងតំបន់ អាចឡើងដល់៦,៧ពាន់លានបាតក្នុងរយៈពេលត្រឹមតែមួយខែប៉ុណ្ណោះ។ទឹកជំនន់ក៏បានវាយប្រហារនៅដើមរដូវទេសចរណ៍ដ៏សំខាន់ផងដែរ ជាពិសេសនៅភាគខាងត្បូងដ៏ពេញនិយមសម្រាប់ភ្ញៀវទេសចរមកពីម៉ាឡេស៊ី។
វិបត្តិនេះកើតឡើងខណៈនាយករដ្ឋមន្ត្រីលោក Anutin Charnvirakul កំពុងរៀបចំរំលាយសភានៅចុងខែមករាឈានទៅរកការបោះឆ្នោតមុនអាណត្តិ ជាផ្នែកមួយនៃកិច្ចព្រមព្រៀងជាមួយគណបក្សប្រឆាំង ដែលអនុញ្ញាតឱ្យរូបលោកបង្កើតរដ្ឋាភិបាលកាលពីខែកញ្ញា៕



