ចំនួនអ្នកស្លាប់ក្នុងគ្រោះទឹកជំនន់ នៅអាស៊ី ឡើងដល់ជាង ១.២០០នាក់ ខណៈជាង ៨០០នាក់ បាត់ខ្លួន

ចំនួនអ្នកស្លាប់ដោយសារទឹកជំនន់ដ៏បំផ្លិចបំផ្លាញ នៅតំបន់អាស៊ី បានកើនឡើងដល់ជាង ១.២០០នាក់ នៅថ្ងៃអង្គារ (ទី២ ខែធ្នូ) ខណៈដែលក្រុមជួយសង្គ្រោះ បានបន្តប្រតិបត្តិការស្វែងរកទាំងអស់សង្ឃឹម សម្រាប់អ្នកនៅរស់ដែលជាប់នៅក្រោមភក់ និងបំណែកបាក់បែក។ ជាមួយគ្នានេះ មនុស្សជាង ៨០០នាក់ នៅតែបាត់ខ្លួន ហើយអាជ្ញាធរព្រមានថា ចំនួនជនរងគ្រោះចុងក្រោយ អាចលើសពី ២.០០០នាក់។
គួរបញ្ជាក់ថា ទឹកជំនន់ដ៏អាក្រក់បំផុតដែលបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំងជាច្រើនថ្ងៃ ក្នុងរដូវមូសុង និងត្រូវបានធ្វើឲ្យកាន់តែខ្លាំងឡើងៗដោយសារព្យុះស៊ីក្លូន Ditva បានកើតមាននៅប្រទេសឥណ្ឌូនេស៊ី ស្រីលង្កា និងថៃ។ ភូមិទាំងមូលជាច្រើន ត្រូវបានលិចលង់នៅក្នុងទឹកដែលហូរក្នុងល្បឿនដ៏លឿន ដោយធ្វើឲ្យមនុស្សរាប់ពាន់នាក់ត្រូវឡើងទៅលើដំបូលផ្ទះ ដើមឈើ និងសំណង់វិហារឥស្លាម ខណៈដែលរង់ចាំការជួយសង្គ្រោះ។
យោងតាមតួលេខដែលត្រូវបានធ្វើបច្ចុប្បន្នភាព បានបង្ហាញថា យ៉ាងហោចណាស់សាកសព ១.២៥០នាក់ ត្រូវបានរកឃើញនៅទូទាំងប្រទេសចំនួន ៣ ដោយ ៦៥៩នាក់ នៅឥណ្ឌូនេស៊ី ៤១០នាក់ នៅស្រីលង្កា និង ១៨១នាក់ នៅថៃ។
នៅឥណ្ឌូនេស៊ី ដែលជាប្រទេសរងគ្រោះខ្លាំងជាងគេបំផុតនោះ ក្រុមជួយសង្គ្រោះកំពុងជួបការលំបាក ក្នុងការធ្វើដំណើរទៅដល់ភូមិនានា នៅលើកោះស៊ូម៉ាត្រា ជាកន្លែងដែលផ្លូវត្រូវបានខ្សែទឹកហូរកាត់កាត់ផ្ដាច់ ហើយស្ពានបានបាក់រលំ។ យ៉ាងហោចណាស់មនុស្ស ៤៧៥នាក់ នៅតែបាត់ខ្លួននៅទីនោះ។
ឧទ្ធម្ភាគចក្រ និងទូកត្រូវបានដាក់ពង្រាយ ប៉ុន្តែអាកាសធាតុដ៏អាក្រក់ និងហេដ្ឋារចនាសម្ព័ន្ធរងការខូចខាត ធ្វើឲ្យការបន្តប្រតិបត្តិការដំណើរការទៅដោយយឺតៗ។ នៅតំបន់ Aceh ដែលរងគ្រោះខ្លាំង អ្នកស្រុកប្រាប់ពីការខ្វះខាតអង្ករ បន្លែ និងទំនិញប្រើប្រាស់មូលដ្ឋាន ដោយតម្លៃឡើងថ្លៃ ៣ដង នៅក្នុងទីផ្សារក្នុងស្រុក៕

You might also like