នគរបាលមន្ទីរប្រឆាំងគ្រឿងញៀន ឃាត់ខ្លួនជនល្មើសជនជាតិចិន៦នាក់ និងខ្មែរម្នាក់ រឹបអូសបានថ្នាំញៀន ជិត៤០គីឡូក្រាម
ភ្នំពេញ៖ កម្លាំងនគរបាលមន្ទីរប្រឆាំងគ្រឿងញៀន នៃអគ្គស្នងការនគរបាលជាតិ បានស្រាវជ្រាវបង្ក្រាប់ន៨ងឃាត់ខ្លួនជនល្មើសជនជាតិចិន៦នាក់ និងខ្មែរម្នាក់ រឹបអូសបានថ្នាំញៀន ជិត៤០គីឡូក្រាម។
កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៥ អនុវត្តតាមបទបញ្ជារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងដឹកនាំបញ្ជាផ្ទាល់ពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន, កម្លាំងនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន សហការជាមួយស្នងការដ្ឋានរាជធានីភ្នំពេញ ដោយមានការដឹកនាំសម្របសម្រួលពីព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោក សេង ម៉េងស្រ៊ុន បានបង្រ្កាបករណីផលិត កែច្នៃ ជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន ប្រព្រឹត្តិនៅចំនួន៥គោលដៅ។
ក្នុងរង្វង់ប្រតិបត្តិការកម្លាំងនគរបាលប្រឆាំងបទល្មើសគ្រឿងញៀនបានដកហូតវត្ថុតាង ប្រភេទកូកាអ៊ីន (Cocaine) ទម្ងន់ ១២,១៧៤.៨៩ក្រាម, គ្រឿងញៀនប្រភេទអ៊ិចស្ត្រាស៊ី (MDMA) ទម្ងន់៥,៨២១.៥៨ក្រាម, គ្រឿងញៀនប្រភេទ រុក្ខជាតិក្រៀម (កញ្ចា) ទម្ងន់ ៤៧៥.៤២ក្រាម, សារធាតុគីមីផ្សំ ទម្ងន់២២,៨៨៤ក្រាម។ សរុបរួមសារធាតុញៀនទម្ងន់ ១៧,៩៩៦.៤៧ក្រាម (១៧គីឡូ៩៩៦,៤៧ក្រាម), សរុបរួមសារធាតុគីមីផ្សំ ទម្ងន់២២,៨៨៤ក្រាម (២២គីឡូ ៨៨៤ក្រាម) ព្រមទាំងចាប់យកសម្ភារៈរួមមាន៖ ឧបករណ៍សម្រាប់ផលិត និងប្រើប្រាស់គ្រឿងញៀនមួយចំនួនធំ។
បច្ចុប្បន្នជនល្មើស និងវត្ថុតាង ត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនខ្លួន ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕






