ក្រោយពលរដ្ឋរាយការណ៍តាម App NoDrug កម្លាំងនគរបាលឃាត់ខ្លួនជនសង្ស័យ ៤នាក់ នៅស្រុកសង្កែ

អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥ បានឱ្យដឹងថា ក្រោយពីកម្លាំងសមត្ថកិច្ចរបស់អនុគណៈកម្មការប្រចាំបញ្ជា២៤ម៉ោង បានទទួលព័ត៌មានតាមរយៈកម្មវិធីទូរស័ព្ទដៃ NoDrug ថាមានករណី ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចភូមិច្រាបវាល ឃុំអន្លង់វិល ស្រុកសង្កែ ក្រុងបាត់ដំបង ខេត្តបាត់ដំបង បានទំនាក់ទំនងជាមួយកម្លាំងគណៈកម្មការគ្រប់គ្រងកម្មវិធីទូរស័ព្ទ NoDrug និងបញ្ជូនព័ត៌មានភ្លាមៗ ទៅកាន់សមត្ថកិច្ចជំនាញនៅមូលដ្ឋាន។
ឯកឧត្តម ឧត្ដមសេនីយ៍ទោ ឃន តារាសម្បត្តិ អគ្គលេខាធិការរង និងជាប្រធានអនុគណៈកម្មការប្រចាំបញ្ជា២៤ម៉ោង បានបញ្ជាកម្លាំងអនុគណៈកម្មការសហការ និងផ្តល់ព័ត៌មានដល់កម្លាំងជំនាញដោយមានការដឹកនាំដោយលោក វរសេនីយ៍ឯក សុខ និមល ស្នងការរង ផែនការងារប្រឆាំងគ្រឿងញៀន សហការជាមួយ កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយអធិការដ្ឋាននគរបាលស្រុកសង្កែ ចុះដល់ទីតាំងប្រតិបត្តិការបង្ក្រាបករណី ប្រើប្រាស់នូវសារធាតុញៀន ក្នុងបទល្មើសជាក់ស្ដែង និងបានឃាត់ខ្លួនជនសង្ស័យចំនួន ៤នាក់។ វត្ថុតាងចាប់យក៖ ថ្នាំញៀន ម៉ាទឹកកក (ICE)ចំនួន ១ថង់, ទូរសព្ទដៃចំនួន ២គ្រឿង, សម្ភារៈកែច្នៃសម្រាប់ប្រើប្រាស់ ថ្នាំញៀនមួយចំនួន, បារីអេឡិចត្រូនិចចំនួន ២ដើម, កាបូបដាក់ប្រាក់ចំនួនមួយ។
ជនសង្ស័យ និងវត្ថុតាងត្រូវបានកសាងសំណុំរឿង បញ្ជូនទៅតុលាការចាត់ការតាមនីតិវិធីច្បាប់៕

You might also like