ជើងឯក ៨ សម័យ Ronnie O’Sullivan ចាញ់កីឡាករចិន Zhou Yuelong ធ្លាក់ជុំដំបូង UK Championship
កីឡាករស្នូកឃ័រជើងឯក ៨ សម័យ UK Championship Ronnie O’Sullivan បានធ្លាក់ត្រឹមជុំដំបូងគួរឱ្យភ្ញាក់ផ្អើលក្រោយចាញ់កីឡាករចិន Zhou Yuelong។
Ronnie O’Sullivan ដែលនឹងឈានចូលវ័យ ៥០ ឆ្នាំនៅថ្ងៃសុក្រនេះ បានចូលរួមការប្រកួតដំបូងក្រោយអវត្តមានជាច្រើនកម្មវិធី ពោលគឺតាំងពីចាញ់កីឡាករចិន Zhao Xintong នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រស្នូកឃ័រពិភពលោកកាលពីខែឧសភា។
ទោះបីជាមានជ័យជំនះបួនហ្វ្រេមឈ្នះដាច់ O’Sullivan ក៏បរាជ័យបួនហ្វ្រេមផ្សេងទៀតដោយសារគ្រាប់ខ្មៅចុងក្រោយ។
Zhou Yuelong ដែលបច្ចុប្បន្នឈរលេខ ២៩ ពិភពលោកមានការប្រកួតដ៏ល្អរបស់ខ្លួនផងដែរដោយបានយកឈ្នះលទ្ធផលចុងក្រោយ ៦-៤ ហ្វ្រេម ពោលគឺហ្វ្រមចុងក្រោយមុនឈ្នះនោះ គឺបានវាយបកពីការនាំមុខរបស់ជើងចាស់អង់គ្លេសរូបនេះ។
ងាកមកលទ្ធផលផ្សេងទៀត ក៏មានការភ្ញាក់ផ្អើលផងដែរដោយកីឡាករលេខពីរពិភពលោក Kyren Wilson ដែលជាជើងឯកពិភពលោកឆ្នាំមុននោះ ក៏ធ្លាក់ត្រឹមជុំដំបូងដែរក្រោយចាញ់ Elliot Slessor ៦-៤ ហ្វ្រេម។
យ៉ាងណាក្តីជើងឯកពីរសម័យនៅ UK Championship នេះ Mark Selby មិនមានបញ្ហាឡើយដោយយកឈ្នះកីឡាករចិន Lei Peifan ៦-២៕






