ក្រសួងសុខាភិបាលថៃ ៖ ចំនួនអ្នកស្លាប់ក្នុងមហន្តរាយទឹកជំនន់ បន្តហក់ឡើងជិត ២៧០នាក់ហើយ
អ្នកនាំពាក្យរបស់ក្រសួងសុខាភិបាលប្រទេសថៃ បាននិយាយប្រាប់សារព័ត៌មាន AFP នៅថ្ងៃពុធ (៣ ធ្នូ) ថា ចំនួនអ្នកស្លាប់ដោយសារគ្រោះមហន្តរាយទឹកជំនន់យ៉ាងធ្ងន់ធ្ងរបំផុតនៅភាគខាងត្បូងប្រទេសថៃ កាលពីពេលកន្លងទៅ បានបន្តហក់ឡើងឥតឈប់ឈរដល់ចំនួន ២៦៧នាក់ ទៅហើយ។
អ្នកនាំពាក្យក្រសួងសុខាភិបាលថៃ លោក Ekachai Piensriwatchara បានលម្អិតថា ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានបង្កការជន់លិចនៅភាគខាងត្បូងប្រទេសកាលពីចុងខែវិច្ឆិកា ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ២៦៧នាក់ នៅទូទាំងខេត្តចំនួន៨ ចាប់ពីថ្ងៃទី ២២-២៧ ខែវិច្ឆិកា ដោយតួលេងអ្នកស្លាប់ជាងពាក់កណ្តាល ពោលគឺការស្លាប់ ១៤២នាក់ ត្រូវបានកត់ត្រានៅក្នុងទីក្រុង ហាត់យ៉ៃ នៃខេត្តសុងក្លា ដែលរងគ្រោះខ្លាំងជាងគេ។
ភ្លៀងមូសុង រួមផ្សំជាមួយនឹងប្រព័ន្ធព្យុះត្រូពិកចំនួនពីរ បានបំបែកកំណត់ត្រាទឹកជំនន់នៅទូទាំងភាគខាងត្បូងប្រទេសថៃ ប្រទេសស្រីលង្កា និងផ្នែកខ្លះនៃកោះស៊ូម៉ាត្រារបស់ប្រទេសឥណ្ឌូនេស៊ី ព្រមទាំងភាគខាងជើងប្រទេសម៉ាឡេស៊ី កាលពីសប្តាហ៍មុន។
ទំហំនៃមហន្តរាយ ព្រមទាំងចំនួនអ្នកស្លាប់និងរបួសខ្ពស់បែបនេះ បានបង្កឱ្យមានការរិះគន់យ៉ាងទូលំទូលាយលើរដ្ឋាភិបាលថៃ។ នាយករដ្ឋមន្រ្តីថៃ លោក Anutin Charnvirakul បានប្រាប់អ្នកយកព័ត៌មានកាលពីសប្ដាហ៍មុនថា លោកទទួលស្គាល់ពីបរាជ័យរបស់រដ្ឋាភិបាល ក្នុងការគ្រប់គ្រងទឹកជំនន់ ហើយនិយាយថា នៅពេលលោកចុះពិនិត្យតំបន់រងផលប៉ះពាល់ លោកក៏បានសូមអភ័យទោសដល់ប្រជាជន ក្នុងការដែល “រដ្ឋាភិបាលមិនអាចមើលថែ និងការពារពួកគេឱ្យបានល្អ”៕






