ករណីផ្ទុះអាវុធនៅមុខកាស៊ីណូវីននើសទៀន ក្រុងបាវិត ដោយសារកាំភ្លើងជនជាតិចិនរាលកៃត្រូវចង្កេះខ្លួនឯង, សមត្ថកិច្ចកំពុងស្រាវជ្រាវស្វែងរកប្រភពអាវុធ

(ស្វាយរៀង)៖ ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥នេះ បានឲ្យដឹងថា កាលពីយប់ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥ វេលាម៉ោង១៨៖៣០នាទី នៅចំណុចខាងមុខកាស៊ីណូវីននើសទៀន (កាស៊ីណូកញ្ចក់) ស្ថិតក្នុងភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត មានករណីផ្ទុះអាវុធបានកើតឡើង បណ្ដាលឲ្យរងរបួសជនជាតិចិន១នាក់ និងមានអាវុធខ្លី១ដើម ម៉ាក Glock22 ពណ៌ខ្មៅ និងមានក្បាលគ្រាប់ធ្លាក់ ក្បែរកន្លែងកើតហេតុ។
សេចក្ដីប្រកាសព័ត៌មានដែលបណ្ដាញព័ត៌មាន ទទួលបានបញ្ជាក់ថា ភ្លាមនោះសមត្ថកិច្ចជំនាញបានទៅដល់កន្លែងកើតហេតុ ពិនិត្យឃើញមានអ្នករងរបួសម្នាក់កំពុង ដេកដួលលើដី (អាចនិយាយ និងកម្រើកបាន) សមត្ថកិច្ចក៏បានហៅរថយន្តសង្គ្រោះដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យ។
តាមការសាកសួរព័ត៌មានបឋមពីសន្តិសុខនៅកន្លែងកើតហេតុបានឆ្លើយថា មុនពេលកើតហេតុ ជនជាតិចិននោះ បានចុះពីរថយន្តគោលបំណងដើរចូលមកក្នុងកាស៊ីណូ ប៉ុន្តែសន្តិសុខមិនអនុញ្ញាតឲ្យចូល ដោយសារចតរថយន្តមិនត្រូវចំណត (កន្លែងមិនអនុញ្ញាតឲ្យចត) ពេលនោះជនជាតិចិនបានដកអាវុធខ្លីពីចង្កេះ ក៏បានរាលកៃផ្ទុះ គ្រាប់កាំភ្លើងនៅចង្កេះបណ្តាលឲ្យរងបួសខ្លួនឯងតែម្ដង។
បច្ចុប្បន្នជនជាតិចិនខាងលើ កំពុងសម្រាកព្យាបាលរបួសនៅមន្ទីរពេទ្យ និងមានកម្លាំងនគរបាលការពារផងដែរ។ ស្នងការដ្ឋាននគរបាលខេត្ត កំពុងធ្វើការស៊ើបអង្កេតស្រាវជ្រាវករណីនេះ ឈានដល់ស្វែងរកប្រភពអាវុធ ដើម្បីចាត់ការ តាមនីតិវិធីច្បាប់៕

You might also like