អគ្គនាយក ស៊ីម៉ាក់ ៖ ចោរបែរជាប្តឹងចោទប្រកាន់ម្ចាស់ដីថា ទុកចោលអំបែងដបក្នុងដីបណ្តាឱ្យមុតជេីងកូនចោរ

ឯកឧត្តម ហេង រតនា អគ្គនាយក ស៊ីម៉ាក់ នារាត្រីនេះ បានបង្ហោះសារលើបណ្ដាញសង្គមថា នៅសុក្រទី០៥ ខែធ្នូ ឆ្នាំ២០២៥នេះ ឯកឧត្តម និងក្រុមការងារ បានចុះមកត្រួតពិនិត្យក្រុមបច្ចេកទេសចាប់ផ្តេីមដាក់តំឡេីងសំបកគ្រាប់បែកទម្លាក់ពីយន្តហោះប្រភេទ MK84 នៅសារមន្ទីរតេជោសន្តិភាពនៃខេត្តសៀមរាប។ នៅក្នុងអគាររាងគ្រាប់មីន PMN-2 ដែលជាសំណង់មេនៃសារមន្ទីរនេះ កំពុងរៀបចំដាក់តាំងបង្ហាញរាល់ប្រភេទគ្រាប់សំណល់សង្គ្រាមនានានៅកម្ពុជា កម្រងរឿងរ៉ាវប្រវត្តិសាស្ត្រសង្គ្រាម ជនរងគ្រោះដោយសារសង្គ្រាម រូបភាព សម្ភារបច្ចេកទេស និងសមិទ្ធផលវិស័យមីននៅកម្ពុជា។ សំណង់អគាររាងគ្រាប់មីន PMN-2 នេះ ជានិមិត្តរូបនៃឆន្ទៈ និងការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចសហគមន៍អន្តរជាតិ ទទួលស្គាល់នូវសមិទ្ធិផលនៃការអនុវត្តអនុសញ្ញាមីនអន្តរជាតិអូតាវ៉ា ប្រកបដោយជោគជ័យនៅកម្ពុជា។
ឯកឧត្តម ហេង រតនា បានលើកឡើងបន្ថែមថា គាប់ជួននៅថ្ងៃទី៥ ខែធ្នូនេះ នៅក្រុងហ្សឺណែវប្រទេសស្វីស គណប្រតិភូផ្ទះលេខ២ បានខិតខំបំផ្លិចបំផ្លាញសមិទ្ធិផលដ៏ធំធេងនៃអនុសញ្ញាអន្តរជាតិមួយនេះ។ គ្រប់គ្នាយល់ច្បាស់ថា ទង្វេីនេះ ដេីម្បីបង្វែរចំណាប់អារម្មណ៍អន្តរជាតិ លេីការធ្វេីសង្គ្រាមឈ្លានពានកាន់កាប់បូរណភាពដែនដីកម្ពុជារបស់ពួកគេ មកចោទថា កម្ពុជាដាក់គ្រាប់មីនថ្មីប្រល័យជេីងកូនទាហ៊ានដែលបានចូលឈ្លានពាន។ រឿងនេះដូចគ្នារឿងក្នុងជីវភាពសង្គមធម្មតាៗដែលនិយាយលេងសេីចផង និងជាការពិតផងគឺ “ចោរបែរជាប្តឹងចោទប្រកាន់ម្ចាស់ដីថា ទុកចោលអំបែងដបក្នុងដីបណ្តាឱ្យមុតជេីងកូនចោរពេលចូលលួចទន្ទានយកដី” ទៅមនុស្សម្នាទាំងឡាយ ដេីម្បីឱ្យបង្វែរឱ្យអ្នកទាំងឡាយនោះភ្លេចថា “ខ្លួនពួកគេជាអ្នកប្តឹងនោះជាចោរ”។ ហេតុអីបានជាអំបែងដបមុតជេីង បេីម្ចាស់ដីបោះបង់ចោលអំបែងដបនោះក្នុងដីរបស់គេសោះហ្នឹង បេីខ្លួនលោកចោរឯងមិនចូលមកលួចទន្ទ្រានកាន់កាប់ដីនោះ ក៏អំបែងដបនោះវាមិនមុតជេីងកូនចោរទាំងនោះដែរ៕

You might also like