បង្រ្កាបទីតាំងសិប្បកម្មច្នៃឈើ និងឡធ្យូង ដែលគ្មានលិខិតអនុញ្ញាត
លោក សី ទូច អភិបាលស្រុកកោះញែក បានប្រាប់នៅថ្ងៃទី៥ខែធ្នូថា ការចុះបង្ក្រាបនេះ បន្ទាប់ពីទទួលបានព័ត៌មានពាក់ព័ន្ធបទល្មើសព្រៃឈើ និងធនធានធម្មជាតិ។ គណៈបញ្ជាការឯកភាពស្រុកកោះញែក ខេត្តមណ្ឌលគិរី បានបើកប្រតិបត្តិការទ្រង់ទ្រាយធំឆ្មក់បង្រ្កាបទីតាំងសិប្បកម្មកែច្នៃឈើ និងឡធ្យូងចំនួន១៣កន្លែង ដែលបានបើកអាជីវកម្មគ្មានលិខិតអនុញ្ញាត។ ប្រតិបត្តិការនេះ ធ្វើឡើងកាលពីថ្ងៃទី ០៣ ខែធ្នូ ឆ្នាំ ២០២៥ ដោយមានការសម្របសម្រួលពីលោក សុង គឹមហេង ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តមណ្ឌលគិរី។
ប្រភពព័ត៌មានបានបញ្ជាក់ថា ទីតាំងដែលចុះបង្រ្កាបនៅតំបន់អនុផលព្រៃឈើត្រង់ចំណុចនិយាមកា(727131-1439093)ស្ថិតនៅក្នុងភូមិមានជ័យ ឃុំស្រែសង្គម ដោយបានដកហូតឈើមូលប្រភេទលេខ២(ខ្លុង)ចំនួន៣កំណាត់ យកមករក្សាទុកនៅស្នាក់ការផ្នែករដ្ឋបាលព្រៃឈើកោះញែក ដើម្បីបន្តអនុវត្តតាមនីតិវិធីតាមច្បាប់ស្តីពីព្រៃឈើ។
ក្រុមការងារបានបន្តវាយកម្ទេចឡធ្យូងចំនួន១១ទីតាំងផ្សេងគ្នាស្ថិតនៅក្នុងភូមិមានជ័យ ឃុំស្រែសង្គម។ អភិបាលស្រុករូបនេះបញ្ជាក់ថា ក្នុងចំណោមឡធ្យូងទាំងអស់នោះមានចំនួន២ទីតាំងដែលសមត្ថកិច្ចជំនាញទុកពេលឱ្យម្ចាស់រុះរើដោយខ្លួនឯងផងដែរ។
ពាក់ព័ន្ធការបង្រ្កាបបទល្មើសធនធានធម្មជាតិ អភិបាលខេត្តមណ្ឌលគិរី លោក ថង សាវុន និងជាគណៈបញ្ជាការឯកភាពខេត្តម កន្លងទៅបានដាក់បទបញ្ជាដ៏ម៉ឺងម៉ាត់ ដល់រដ្ឋបាលក្រុង ស្រុកទាំង៥ ក៏ដូចជាមន្រ្តីជំនាញ អាជ្ញាធរគ្រប់មូលដ្ឋាន ត្រូវតែចូលរួមទប់ស្កាត់បទល្មើសធនធានធម្មជាតិឱ្យមានប្រសិទ្ធភាព។ ការបង្រាបបទល្មើសនេះ ដើម្បីថែរក្សាសម្បត្តិធម្មជាតិឱ្យបានគង់វង្សយូរអង្វែងដើម្បីបន្សល់ដល់កូនចៅជំនាន់ក្រោយ។
អាជ្ញាធរខេត្តអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលរស់ក្បែរដែនជម្រកសត្វព្រៃ តំបន់អភិរក្សព្រៃឈើ ទាំងអស់ក្នុងភូមិសាស្ត្រខេត្ត មេត្តាចូលរួមថែរក្សាសម្បត្តិធនធានធម្មជាតិដ៏សម្បូបែប ហើយបើសង្ស័យថាមានបទល្មើសកើតឡើងនៅមូលដ្ឋាន សូមផ្ដល់ព័ត៌មាន និងរាយការណ៍ជូនអាជ្ញាធរដើម្បីចូលរួមទប់ស្កាត់ទាន់ពេលវេលា៕






