សេចក្តីប្រកាសព័ត៌មាន លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជ្រាបពីស្ថានភាពនៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ នៅថ្ងៃនេះ

លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជ្រាបពីស្ថានភាពនៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ នៅថ្ងៃនេះថា៖

ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានកត់ត្រានូវការបង្កហេតុរបស់យោធាថៃដោយ នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ យោធាថៃបានបើកការបាញ់ប្រហារមកលើកម្លាំងកងទ័ពកម្ពុជាដែលឈរជើងនៅតំបន់ព្រលានថ្ម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ចាប់ពីម៉ោងប្រមាណ ១៤:១៥នាទី រហូតដល់ម៉ោងប្រមាណ ១៤:៣២នាទី ហើយថែមទាំងបានចោទប្រកាន់ដោយគ្មានមូលដ្ឋានមកលើកម្ពុជា ខណៈដែលការពិតជាក់ស្តែង គឺកងកម្លាំងរបស់កម្ពុជាពុំបានបាញ់តបតអ្វីឡើយ។ ក្រសួងការពារជាតិកម្ពុជាសូមបដិសេធនិងច្រានចោលទាំងស្រុងចំពោះការចោទប្រកាន់ទាំងឡាយរបស់ភាគីថៃ ដែលមានគោលបំណងបំភ័ន្តសាធារណមតិជាតិ និងអន្តរជាតិ និងយកមកធ្វើជាលេសដើម្បីបង្កឱ្យមានភាពតានតឹងផ្នែកយោធាជាមួយកម្ពុជាឡើងវិញ។

លើសពីនេះ នៅវេលាម៉ោងប្រមាណ ២០:០២នាទីយប់ យោធាថៃបានបើកការបាញ់ប្រហារមកលើកម្លាំងកងទ័ពកម្ពុជាជាលើកទីពីរ ដោយប្រើកាំភ្លើងដៃបាញ់ជាច្រើនគ្រាប់នៅមុខខ្សែត្រៀមរបស់កម្ពុជា ក្នុងភូមិសាស្រ្តអូរផ្កាស្នេហ៍។ បន្ទាប់មក នៅវេលាម៉ោង ២០:៣០នាទី កងកម្លាំងយោធាថៃបានបន្តបាញ់ប្រហារមកលើទាហានកម្ពុជា នៅទីតាំងព្រលានថ្ម ក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ជាទីតាំងដែលយោធាថៃបានបើកការបាញ់ប្រហារកាលពីរសៀលថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ នេះ ដោយប្រើកាំភ្លើងដៃ និងកាំភ្លើងត្បាល់ បាញ់ជាច្រើនគ្រាប់។ សកម្មភាពបាញ់ប្រហាររបស់កងកម្លាំងយោធាថៃ បានបញ្ឈប់ការបាញ់របស់ខ្លួននៅវេលាម៉ោង ២០:៥០នាទីយប់។

ដោយឈរលើស្មារតីនៃការគោរពរាល់កិច្ចព្រមព្រៀងដែលបានឯកភាពគ្នា និងការដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ នៅក្នុងឧប្បត្តិហេតុលើកទីពីរនោះ កងកម្លាំងកម្ពុជាក៏មិនបានធ្វើការបាញ់តបតឡើយ និងកំពុងបន្តតាមដានលើការវិវត្តនេះយ៉ាងប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ខ្ពស់បំផុត។ ជាមួយគ្នានេះ កម្ពុជាបានជូនដំណឹងជាលើកទីពីរទៅក្រុមអ្នកសង្កេត ការណ៍អាស៊ាន (AOT) អំពីឧប្បត្តិហេតុនេះរួចហើយ ព្រមទាំងគ្រោងនឹងស្នើឱ្យ AOT ចុះទៅទីតាំង ដើម្បីធ្វើការស្រាវជ្រាវស៊ើបអង្កេត ដើម្បីស្វែងរកការពិត និងធានាឱ្យបាននូវតម្លាភាព យុត្តិធម៌ និងភាពត្រឹមត្រូវ។

កម្ពុជាសូមគូសបញ្ជាក់សាជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងខ្ជាប់ខ្ជួនក្នុងការគោរព និងអនុវត្តតាមលក្ខខណ្ឌនៃបទឈប់បាញ់ និងសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ប្រកបដោយសុច្ឆន្ទៈ និងការទទួលខុសត្រូវខ្ពស់បំផុត។ កម្ពុជាប្រកាន់ខ្ជាប់នូវការដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ក៏ដូចជាសន្ធិសញ្ញា អនុសញ្ញា និងកិច្ចព្រមព្រៀងដែល
មានស្រាប់ ហើយប្រឆាំងនឹងការគំរាម ឬការប្រើប្រាស់កម្លាំង សំដៅស្វែងរកដំណោះស្រាយមួយដែលយុត្តធម៌ ត្រឹមត្រូវ យូរអង្វែង និងស្របតាមច្បាប់អន្តរជាតិ ព្រោះសង្គ្រាមមិនអាចបញ្ចប់ដោយការធ្វើសង្គ្រាមបានទេ។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជ្រាបជាព័ត៌មាន៕

ថ្ងៃអាទិត្យ ២រោច ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥

You might also like