ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី៖ ម៉ោងនេះ ពេលនេះ ប្រជាជាតិយើងពិតជាត្រូវការយើង ក្នុងនាមជាខឿនការពារជាតិប្រជាជន
ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ៖ «ស្ទើរតែពេញមួយថ្ងៃនេះ (៨ ធ្នូ ២០២៥) ប្រទេស និងប្រជាជនកម្ពុជាសារជាថ្មីបានជួបប្រទះនឹងការឈ្លានពាន វាយប្រហារដោយអាវុធគ្រប់ប្រភេទ គួបផ្សំនឹងយន្តហោះចម្បាំងផងដែរ។
ប្រតិបត្តិការវាយប្រហារចូលបូរណភាពដែនដីរបស់កម្ពុជា ស្ទើរតែ២៤ម៉ោងថ្ងៃនេះ បាននាំមកនូវការភ័យខ្លាច ចលាចល ភាពខេ្ទចខ្ទី ការបាត់បង់ជីវិត និងរបួសក្នុងជួរកងទ័ព និងប្រជាពលរដ្ឋស្លូតត្រង់របស់ខ្មែរយើង ជម្លោះឆ្នាំ២០២៥នេះ ជាទង្វើដែលប្រជាជនខ្មែរមិនអាចបំភ្លេចបានឡើយ។
មួយវិញទៀត ក្នុងនាមជាកូនខ្មែរមួយរូប ខ្ញុំពិតជាសូមកោតសរសើរដោយស្មោះស្ម័គ្រចំពោះ វីរកងទ័ពកម្ពុជាថា ទោះមានការវាយប្រហារយ៉ាងណាក៏ នៅតែគោរពបទបញ្ជាយ៉ាងម៉ឺងម៉ាត់ ថែរក្សាភាពអត់ធ្មត់ខ្ពស់ នេះបញ្ជាក់យ៉ាងច្បាស់ថា កម្ពុជាគឺចង់បានសន្តិភាព និងដោះស្រាយបញ្ហា/ជម្លោះនេះដោយសន្តិវិធី ដូចអ្វីដែលជា កិច្ចព្រមព្រៀងរួម ដែលបានចុះ ហត្ថលេខានៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ នៅប្រទេសម៉ាឡេស៊ី ហើយដែលមាន ឯកឧត្តមប្រធានាធិបតី Donald J. Trump និង នាយករដ្ឋមន្ត្រី Anwar Ibrahim ជាសាក្សី»។






