អ្នកនាំពាក្យក្រសួងការបរទេសថៃ៖ នាយករដ្ឋមន្រ្តី អនុទីន នឹងប្រាប់ប្រធានាធិបតី ត្រាំ ក្នុងកិច្ចសន្ទនាទូរសព្ទនាថ្ងៃពុធនេះថា «ប្រទេសថៃមិនទាន់ត្រៀមខ្លួនរួចរាល់នៅឡើយទេ»

(បាងកក)៖ ក្នុងសន្និសីទសារព័ត៌មាននាថ្ងៃពុធនេះ អ្នកនាំពាក្យក្រសួងការបរទេសថៃ លោក Nikorndej Balankura បាននិយាយថា ស្របពេលដែលកិច្ចពិភាក្សាតាមច្រកការទូត គង់តែនឹងត្រូវបន្តឡើងវិញក៏ដោយ សម្រាប់ឥឡូវនេះគឺវាមិនទាន់ដល់ពេលទេ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានថៃ The Nation នាថ្ងៃពុធ ទី១០ ខែធ្នួ ឆ្នាំ២០២៥។

លោក Nikorndej បានលើកឡើងថា ប្រទេសថៃចាត់ទុកស្ថានការណ៍បច្ចុប្បន្នថា បានដើរហួសបន្ទាត់ក្រហម ដោយសារតែ​ការបាត់បង់ជីវិតនៃជនជាតិថៃ ហើយលោកបានសង្កត់ធ្ងន់ថា ចាំបាច់ត្រូវកសាងទំនុកចិត្តរឹងមាំជាមុនសិន ទើបកិច្ចពិភាក្សាណាមួយ អាចកើតមានឡើងបាន។ បើតាមលោក Nikorndej រដ្ឋាភិបាលថៃទាមទារឱ្យមានការធានាថា បូរណភាពទឹកដីរបស់ថៃ នឹងមិនរងការគំរាមកំហែង ហើយប្រជាពលរដ្ឋថៃនៅតាមបណ្តោយព្រំដែន មានអារម្មណ៍ថាមានសុវត្ថិភាព។

លោក Nikorndej បានលើកឡើងដូចខាងលើ ឆ្លើយតបចំពោះសំណួរពាក់ព័ន្ធ លទ្ធភាពនៃកិច្ចប្រឹងប្រែងសម្រុះសម្រួលជម្លោះ​ពីសំណាក់ភាគីទី៣។ ស្របពេលដែលម៉ាឡេស៉ី បានបង្ហាញបំណងចង់ឱ្យថៃនិងកម្ពុជាវិលត្រឡប់ទៅរកការចរចា ប្រទេសថៃបានបង្ហាញសញ្ញាថា ខ្លួននឹងមិនទទួលយកសំណើសម្រុះសម្រួលផ្លូវការតទៀតឡើយពីប្រទេសទី៣។

ដោយឡែក ពាក់ព័ន្ធសេចក្តីរាយការណ៍ថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ គ្រោងបើកកិច្ចសន្ទនាទូរសព្ទនាថ្ងៃពុធនេះ ជាមួយ​មេដឹកនាំនៃប្រទេសថៃនិងប្រទេសកម្ពុជា ដើម្បីព្យាយាមបញ្ចប់សង្រ្គាមរវាងប្រទេសទាំងពីរ ក្រោយការប្រយុទ្ធគ្នាផ្ទុះឡើងសាជាថ្មី លោក Nikorndej បាននិយាយថា ថៃមិនទាន់ទទួលបានការទាក់ទងផ្លូវណាមួយ ពីសំណាក់​ទីក្រុងវ៉ាស៉ីនតោននៅឡើយទេ។

ប៉ុន្តែលោក Nikorndej បានគូសបញ្ជាក់ថា ប្រសិនបើមានការទាក់ទងស្តីពីសំណើចង់ជួយសម្រុះសម្រួលជម្លោះក៏ដោយ នាយករដ្ឋមន្រ្តីថៃ ត្រូវបានរំពឹងនឹងឆ្លើយតបទៅវិញថា «ប្រទេសថៃមិនទាន់ត្រៀមខ្លួនរួចរាល់នៅឡើយទេ»

You might also like