កម្ពុជា ៖ ថៃនៅតែបាញ់ផ្លោង ប៉ុន្មានម៉ោងក្រោយការសន្ទនាតាមទូរស័ព្ទជាមួយលោកTrump នូវកិច្ចព្រមព្រៀងសន្តិភាពជាថ្មី
កម្ពុជា ប្រកាសថាភាគីថៃ បានបន្តទម្លាក់គ្រាប់បែកនៅក្នុងទឹកដីរបស់ខ្លួនប៉ុន្មានម៉ោងបន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា ទីក្រុងបាងកក និងទីក្រុងភ្នំពេញ បានព្រមព្រៀងបញ្ឈប់ការប្រយុទ្ធគ្នា។ ក្រសួងការពារជាតិកម្ពុជា បាននិយាយនៅក្នុងសារមួយនៅលើបណ្តាញផ្សព្វផ្សាយសង្គមថា «នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥ យោធាថៃបានប្រើប្រាស់យន្តហោះចម្បាំង F-16 ចំនួនពីរគ្រឿងដើម្បីទម្លាក់គ្រាប់បែកចំនួន៧គ្រាប់» ទៅលើគោលដៅមួយចំនួន។ ក្រសួងបាននិយាយថា «កងកម្លាំងថៃ មិនបានបញ្ឈប់ការទម្លាក់គ្រាប់បែកនៅឡើយទេ ហើយនៅតែបន្តទម្លាក់គ្រាប់បែក»។
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បាននិយាយកាលពីថ្ងៃសុក្រ ទី១២ ខែធ្នូ ថា មេដឹកនាំរបស់ប្រទេសកម្ពុជានិងថៃ បានព្រមព្រៀងសន្តិភាពជាថ្មី បន្ទាប់ពីការប៉ះទង្គិចគ្នាដ៏រយៈពេលជាច្រើនថ្ងៃបានគំរាមកំហែងធ្វើឲ្យអន្តរាយដល់បទឈប់បាញ់ដែលរដ្ឋបាលសហរដ្ឋអាមេរិកបានជួយម្របសម្រួលកាលពីដើមឆ្នាំនេះ។ លោក Trump បានប្រកាសពីកិច្ចព្រមព្រៀងដើម្បីចាប់ផ្តើមជាថ្មីបទឈប់បាញ់នៅក្នុងការបង្ហោះនៅលើបណ្តាញផ្សព្វផ្សាយសង្គមបន្ទាប់ពីការសន្ទនាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រីថៃ លោក Anutin Charnvirakul និងនាយករដ្ឋមន្ត្រីកម្ពុជា សម្តេច Hun Manet។ លោក Trump បាននិយាយនៅក្នុងការបង្ហោះ លើបណ្តាញ Truth Social របស់លោកថា «ប្រទេសទាំងពីរបានព្រមព្រៀងបញ្ឈប់ការបាញ់ប្រហារទាំងអស់ ហើយត្រឡប់ទៅរកកិច្ចព្រមព្រៀងសន្តិភាពដើមដែលបានធ្វើឡើងជាមួយខ្ញុំ និងភាគីទាំងពីរ ដោយមានជំនួយពីនាយករដ្ឋមន្ត្រីដ៏អស្ចារ្យរបស់ប្រទេសម៉ាឡេស៊ី លោក Anwar Ibrahim»។ លោកTrump បាននិយាយបន្ថែមថា «វាជាកិត្តិយសរបស់ខ្ញុំក្នុងការធ្វើការជាមួយសម្តេចHun Manet និងលោក Anutin ក្នុងការដោះស្រាយអ្វីដែលអាចវិវត្តទៅជាសង្គ្រាមដ៏ធំមួយរវាងប្រទេសដ៏អស្ចារ្យ និងវិបុលភាព ទាំងពីរ»។






