ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត បានអញ្ជើញទទួលអំណោយថ្នាំពេទ្យពីសប្បុរសជន ដើម្បីត្រៀមរៀបចំបែងចែក ជូនមន្ទីរពេទ្យឬមណ្ឌលសុខភាពតាមបណ្តាលខេត្តសម្រាប់ព្យាបាលជូនវីរកងទ័ពនិងប្រជាពលរដ្ឋជនភៀសសឹក !
វិមាន៧មករា៖ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល នៅព្រឹក ថ្ងៃសៅរ៍ ៨រោច ខែមិគសិរ ឆ្នាំម្សាញ់សប្តស័ក ពុទ្ធសករាជ ២៥៦៩ត្រូវនឹងថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥នេះឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អនុប្រធានយុវជនគណបក្សថ្នាក់កណ្តាល និងជាប្រធានគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍យុវជនគណបក្សថ្នាក់កណ្តាល និងឯកឧត្តមបណ្ឌិត គឹម សន្តិភាព សមាជិកគណៈកម្មាធិការកណ្តាល និងជាអនុប្រធានគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍យុវជនគណបក្សថ្នាក់កណ្តាល បានអញ្ជើញទទួលអំណោយជាថ្នាំពេទ្យ«ចំនួន១០មុខស្មើនិង៥៣កេស» និង«អំបុកស្រូវថ្មីចំនួន៤៧២ កញ្ចប់ស្មើនិង៩កេសធំ» ពីម្ចាស់ក្រុមហ៊ុន សូវីណា ហ្វាម៉ាហ្យូទីខល ខូអិលធីឌី ឯ.ក (SOVINA GROUP) ដើម្បីត្រៀមរៀបចំបែងចែក ជូនមន្ទីរពេទ្យឬមណ្ឌលសុខភាពតាមបណ្តាលខេត្ត សម្រាប់ព្យាបាលជូនវីរកងទ័ពនិងប្រជាពលរដ្ឋជនភៀសសឹកនានា ក្រោយពីក្រុមទាហានថៃ បានបាញ់ផ្លោងចូលឈ្លានពានបូរណៈភាពទឹកដីកម្ពុជា។
ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត ក្នុងឱកាសនោះក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះម្ចាស់អំណោយថ្នាំពេទ្យ របស់សប្បុរសជន ដែលបានចូលរួមឧបត្ថម្ភ តាមរយៈយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល ដើម្បីត្រៀមរៀបចំបែងចែកជូនមន្ទីរពេទ្យឬមណ្ឌលសុខភាពនានាសម្រាប់ព្យាបាលអ្នកជំងឺ។
ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត សូមធ្វើការអំពាវនាវ ដល់ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ្ញ៉ា អ្នកឧកញ្ញ៉ា ឧកញ្ញ៉ា លោក លោកស្រី អ្នកនាង កញ្ញា ជាថ្នាក់ដឹកនាំ និងសមាជិក សមាជិកាយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ក៏ដូចជាយុវជនគណបក្សប្រជាជនកម្ពុជានៅគ្រប់ថ្នាក់ គ្រប់ផ្នែក ព្រមទាំងសប្បុរសជនទាំងក្នុង និងក្រៅប្រទេស សូមចូលរួមបរិច្ចាគជាថវិកាសម្ភារៈ និងគ្រឿងឧបភោគបរិភោគ ទៅតាមលទ្ធភាពរៀងៗខ្លួន។






