ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អញ្ជើញទទួលអំណោយពីក្រុមហ៊ុន CE Express និងក្រុមហ៊ុន ZJCJSP FOOD CO.,LTD សម្រាប់ឧបត្ថម្ភជូនសមរភូមិមុខ និងជនភៀសសឹក
វិមាន៧មករា៖ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល នៅរសៀល ថ្ងៃសៅរ៍ ៨រោច ខែមិគសិរ ឆ្នាំម្សាញ់សប្តស័ក ពុទ្ធសករាជ ២៥៦៩ត្រូវនឹងថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥នេះឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អនុប្រធានយុវជនគណបក្សថ្នាក់កណ្តាល និងជាប្រធានគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍យុវជនគណបក្សថ្នាក់កណ្តាល និងឯកឧត្តមបណ្ឌិត គឹម សន្តិភាព សមាជិកគណៈកម្មាធិការកណ្តាល និងជាអនុប្រធានគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍យុវជនគណបក្សថ្នាក់កណ្តាល បានអញ្ជើញទទួលអំណោយពីក្រុមហ៊ុន CE Express និងក្រុមហ៊ុន ZJCJSP FOOD CO.,LTD ដើម្បីត្រៀមរៀបចំបែងចែក ជូនបងប្អូនកងទ័ពជួរមុខកម្ពុជា និងបងប្អូនប្រជាពលរដ្ឋជនភៀសសឹក ទៅតាមមណ្ឌលសុវត្ថិភាពនានា ក្រោយពីក្រុមទាហានថៃ បានបាញ់ផ្លោងចូលឈ្លានពានបូរណៈភាពទឹកដីកម្ពុជា។
អំណោយ សប្បុរសធម៌ ទាំង នោះ រួមមាន ៖មីសួរចំនួន ៤៨០ កេស ,នំចំនួន ៨០ កេស ,មីសួរស្លចំនួន ១០០ ប៉ាវ + ១០ កេស។
ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត ក្នុងឱកាសនោះក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះម្ចាស់អំណោយ ដែលបានចូលរួមឧបត្ថម្ភ តាមរយៈយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល ដើម្បីត្រៀមរៀបចំបែងចែក ជូនបងប្អូនកងទ័ពជួរមុខកម្ពុជា និងបងប្អូនប្រជាពលរដ្ឋជនភៀសសឹក ទៅតាមមណ្ឌលសុវត្ថិភាពនានា ។
ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត សូមធ្វើការអំពាវនាវ ដល់ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ្ញ៉ា អ្នកឧកញ្ញ៉ា ឧកញ្ញ៉ា លោក លោកស្រី អ្នកនាង កញ្ញា ជាថ្នាក់ដឹកនាំ និងសមាជិក សមាជិកាយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ក៏ដូចជាយុវជនគណបក្សប្រជាជនកម្ពុជានៅគ្រប់ថ្នាក់ គ្រប់ផ្នែក ព្រមទាំងសប្បុរសជនទាំងក្នុង និងក្រៅប្រទេស សូមចូលរួមបរិច្ចាគជាថវិកាសម្ភារៈ និងគ្រឿងឧបភោគបរិភោគ ទៅតាមលទ្ធភាពរៀងៗខ្លួន។






