មេសិទ្ធិមនុស្សកម្ពុជា ចុះជួបសំណេះសំណាលជាមួយក្រុមគ្រួសារភៀសសឹក ដែលមកស្នាក់នៅស្រុកគាស់ក្រឡ ខេត្តបាត់ដំបង

(បាត់ដំបង)៖ ទេសរដ្ឋមន្ត្រី កែវ រ៉េមី ប្រធាន គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកគាស់ក្រឡ និងលោក លោកស្រី ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកគាស់ក្រឡ នាព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយក្រុមគ្រួសារភៀសសឹក ដែលមកស្នាក់នៅស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ចំនួន ១៨១គ្រួសារ ប្រមាណ ៦០០នាក់ ដែលក្នុងនោះរួមមានទាំងកុមារ ជនចាស់ជរា ជនមានពិការភាព និងស្ត្រីមានផ្ទៃពោះ នៅតាមបណ្តាភូមិសាស្ត្រនានា ក្នុងស្រុកគាស់ក្រឡ។

ឆ្លៀតក្នុងឱកាសនេះ ទេសរដ្ឋមន្រ្តី បានពាំនាំការសាកសួរសុខទុក្ខ និងការយកចិត្តទុកដាក់បំផុតពីសំណាក់សម្តេចតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដល់បងប្អូនភៀសសឹកទាំងអស់។
ទេសរដ្ឋមន្ត្រី កែវ រ៉េមី ក៏បានជម្រាបជូនពីល្បិចកលដ៏ពិសពុល និងអាក្រក់បំផុតរបស់ភាគីថៃ ដែលតែងតែឈ្លានពាន និងប៉ុនប៉ងយាយីបង្កសង្គ្រាមជាមួយកម្ពុជា។
ទន្ទឹមនេះ ទេសរដ្ឋមន្រ្តី ក៏បានបង្ហាញនូវមនោសញ្ចេតនាដឹងគុណ និងសូមកោតសរសើរនូវវីរភាព និងស្មារតីដ៏អង់អាចរបស់កងទ័ពជួរមុខដែលបានតស៊ូ ពលី លះបង់ ដើម្បីការពារទឹកដីកម្ពុជាពីពួកខ្មាំងសត្រូវ។ ជាក់ស្ដែងគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាបានចូលរួមជាមួយរាជរដ្ឋាភិបាល ហើយតែងតែនៅជាប់ជានិច្ចជាមួយកងទ័ពជួរមុខ ចាប់តាំងពីការចាប់ផ្ដើមនៃជម្លោះតាមបណ្ដោយព្រំដែន ដោយបងប្អូនកងទ័ពតស៊ូប្រយុទ្ធដោយប្រើសព្វាវុធ ហើយក្រុមការងារគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាតស៊ូតាមផ្លូវច្បាប់ ដោយដាក់ពាក្យបណ្តឹងតាមរយៈយន្តការរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ យន្តការថ្នាក់តំបន់ និងស្ថាប័នសិទ្ធិមនុស្សឯករាជ្យ អំពីការរំលោភបំពានរបស់ថៃទៅលើច្បាប់អន្តរជាតិ ច្បាប់សិទ្ធិមនុស្សអន្តរជាតិ និងច្បាប់មនុស្សធម៌អន្តរជាតិ និងជំរុញឱ្យភាគីថៃគោរពអនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ និងសេចក្ដីថ្លែងការណ៍រួមស្ដីពីសន្តិភាព ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥។
បន្ថែមពីនេះ ទេសរដ្ឋមន្រ្តី បានគូសបញ្ជាក់ថា សង្រ្គាមលើកនេះ បានបង្ហាញ និងឆ្លុះបញ្ចាំងពីកម្លាំងសាមគ្គីភាពដ៏ខ្លាំងក្លារបស់ប្រជាពលរដ្ឋខ្មែរនៅគ្រប់ទិសទីទាំងក្នុងនិងក្រៅប្រទេស និងបង្ហាញពីទឹកចិត្តស្រឡាញ់គាំទ្រកងទ័ព។ បន្ថែមលើនេះ លោកបានស្នើសុំឱ្យបងប្អូនត្រូវបន្តជឿជាក់លើចំណាត់ការរបស់រាជរដ្ឋាភិបាល ក្នុងការការពារប្រជាពលរដ្ឋ និងបូរណភាពទឹកដីកម្ពុជា។
ទេសរដ្ឋមន្រ្តី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអាជ្ញាធរដែនដីដែលបានផ្តល់ការយកចិត្តទុកដាក់ និងជួយសម្របសម្រួលដល់ជនភៀសសឹក ព្រមទាំងលោក ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានក្រុមការងាររាជរដ្ឋា ភិបាលចុះមូលដ្ឋានស្រុកគាស់ក្រឡ និងថ្នាក់ដឹកនាំ បាននាំយកថវិកាមួយចំនួន ជូនដល់បងប្អូនជនភៀសសឹកផងដែរ៕

You might also like