យោធាថៃ បានយកជនស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលជាគោលដៅ ក្នុងសង្រ្គាមឈ្លានពានរបស់ខ្លួន លើដែនអធិបតេយ្យកម្ពុជា
AKP ភ្នំពេញ ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥
យោធាថៃបានប្រើប្រាស់សព្វាវុធធុនធ្ងន់ជាច្រើនរួមនឹងយន្តហោះចម្បាំង និងគ្រាប់បែកសង្កោមឈ្លានពានមកលើអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា។ ក្នុងសកម្មភាពឈ្លានពានប្រដាប់អាវុធរបស់យោធាថៃរយៈពេល ៨ថ្ងៃមកនេះ យោធាថៃបានយកជនស៊ីវិលជាគោលដៅនៃការវាយប្រហាររួមមានផ្ទះសម្បែងជនស៊ីវិល ភូមិដ្ឋាន ស្ពានថ្នល់ សាលារៀន មន្ទីរពេទ្យ វត្តអារ៉ាម និងប្រាសាទបុរាណ។ នេះបើតាមការបញ្ជាក់ របស់ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នាល្ងាចយប់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥នេះ។
ឯកឧត្តមបានបន្ថែមថា ការវាយប្រហារដោយសព្វាវុធធុនធ្ងន់រួមនឹងយន្តហោះទម្លាក់គ្រាប់បែក និងគ្រាប់បែកចង្កោម ផ្សែងពុល បង្កឱ្យប្រជាជនស៊ីវិលស្លូតត្រង់របស់កម្ពុជាបាត់បង់ជីវិតចំនួន ១១រូប (ទារក ១រូប) និងរបួសចំនួន៥៩រូប គិតត្រឹមថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥នេះ។
ត្រឹមល្ងាចថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥ នេះ ជនភៀសសឹកដែលភៀសខ្លួនពីសកម្មភាពឈ្លានពានប្រដាប់អាវុធរបស់យោធាថៃ មានចំនួន ១២០ ៨១៤ គ្រួសារ ស្មើនឹង ៤០៣ ៦០១ នាក់ ក្នុងនោះស្ត្រីចំនួន ២០៨ ២៦៦ នាក់ និងកុមារចំនួន ៩៧ ២០៩ នាក់។
ភាគីថៃត្រូវទទួលខុសត្រូវចំពោះសកម្មភាពនៃការរំលោភឈ្លានពានរបស់ខ្លួនលើទឹកដីកម្ពុជា និងយកជនស៊ីវិលជាគោលដៅនៃការវាយប្រហាររបស់ខ្លួន។ នេះជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងររបស់ភាគីថៃលើច្បាប់អន្តរជាតិ សិទ្ធិមនុស្សផ្សេងៗ។
សូមរម្លឹកថា ថៃបានបើកការបាញ់ប្រហារឈ្លានពានកម្ពុជាចាប់តាំងពីថ្ងៃទី០៧ ខែធ្នូ បន្តរហូតដល់ថ្ងៃនេះ ដោយឡែកកម្ពុជាសម្រេចចិត្តតបតទៅវិញ ដើម្បីការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី បន្ទាប់ពីអត់ធ្មត់ជាង ២៤ម៉ោង។






