អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ នៅតាមបណ្តោយព្រំដែន បាននាំយកការពិតពីកម្ពុជា ដល់ពិភពលោក!

ភ្នំពេញ ៖ វត្តមានរបស់អ្នកសារព័ត៌មានជាតិនិងអន្តរជាតិនៅតាមបណ្តោយព្រំដែនបាននាំយកការពិតពីកម្ពុជាដល់ពិភពលោក! ទីភ្នាក់សារព័ត៌មានអន្តរជាតិនានាបង្ហាញវត្តមាននៅកម្ពុជាក្នុងអំឡុងពេលយោធាថៃធ្វើសកម្មភាពឈ្លានពានប្រដាប់អាវុធមកលើកម្ពុជា។ សូមអរគុណទីភ្នាក់ងារសារព័ត៌មានបារាំង AFP, AP, Reuters, EPA, Xinhua, CNA, Aljazeera, Phonex និងបណ្តាញសារព័ត៌មានអន្តរជាតិផ្សេងទៀតដែលបានផ្សព្វផ្សាយអត្ថបទពីទីភ្នាក់ងារសារព័ត៌មានធំៗ ដូចជា CNN, France 24, Le Monde, BBC, Bloomberg, Wall Street Journal, The Guardian, The Times, The Independent ជាដើម ជាពិសេសអ្នកសារព័ត៌មានជាតិកម្ពុជានានា ដែលបានចុះយកព័ត៌មានយ៉ាងសស្រាក់សស្រាំនៅតាមបណ្តាខេត្តដែលជាសមរភូមិប្រយុទ្ធ។ វិទ្យុនិងទូរទស្សន៍ជាតិកម្ពុជា ទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP ដើរតួនាទីមជ្ឈមណ្ឌលកណ្តាលផ្តល់ព័ត៌មានពីសមរភូមិមុខ។ ស្ថានីយវិទ្យុទូរទស្សន៍ឯកជន ប្រព័ន្ធផ្សព្វផ្សាយបែបថ្មីផ្សេងទៀត បានចូលរួមយ៉ាងសកម្មក្នុងការផ្តល់ព័ត៌មាន រួមទាំងអ្នកសារព័ត៌មានគ្មានអង្គភាព អ្នកមានឥទ្ធិពលក្នុងសង្គម និងអ្នកលេងបណ្តាញសង្គម។
អ្នកទាំងអស់គ្នាជាសំឡេងពិត និងបាននាំយកការពិតប្រឆាំងនឹងការភូតកុហក។ កម្ពុជាបានត្រៀមទទួលស្វាគមន៍អ្នកសារព័ត៌មានអន្តរជាតិផ្សេងៗទៀតមកយកព័ត៌មាននៅកម្ពុជា។ ក្រសួងព័ត៌មានបានគិតគូរនិងយកចិត្តទុកដាក់បំផុតចំពោះសុវត្ថិភាពនៃអ្នកសារព័ត៌មានអំឡុងពេលមានសង្គ្រាម។ មន្ត្រីនៃក្រសួងព័ត៌មានបានចូលរួមយ៉ាងសកម្មក្នុងការសម្របសម្រួលដំណើរចុះយកព័ត៌មាន និងធ្វើបទសម្ភាសជាមួយអាជ្ញាធរពាក់ព័ន្ធ ករណីចាំបាច់។ ជាមួយគ្នានេះ ខ្ញុំក៏សូមចូលរួមសោកស្តាយចំពោះអ្នកសារព័ត៌មានកម្ពុជាម្នាក់ដែលទទួលរងរបួសអំឡុងពេលយ៉ចុះរាយការណ៍ព័ត៌មាននៅព្រឹកថ្ងៃទី៨ ខែធ្នូ បណ្តាលឱ្យអំបែងគ្រាប់ខ្ទាត់បែកមាត់។ សូមជូនពរឆាប់ជាសះស្បើយ។

You might also like