សប្បុរសជននានា បន្តផ្តល់ជំនួយជាគ្រឿងឧបភោគ បរិភោគ និងថវិកាដល់កងទ័ពជួរមុខតាមរយៈកងពលតូចដឹកជញ្ជូនលេខ៩៩
ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩៩ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបងប្អូនពលរដ្ឋខ្មែរ ក៏ដូចជាសប្បុរសជននានាបានបន្ត ឧបត្ថម្ភថវិកា គ្រឿងឧបភោគបរិភោគជាបន្តបន្ទាប់ ដល់កងពលតូចដឹកជញ្ជូនលេខ៩៩សម្រាប់ប្រើប្រាស់ជាប្រយោជន៍ជាក់ស្តែងក្នុងអង្គភាព ជាពិសេសម្រាប់នាំយកបន្តទៅចែកជូនដល់បងប្អូនវីរកងទ័ពជួរមុខ ព្រមទាំងជនភៀសសឹក ដែលកំពុងតែត្រូវការជំនួយជាបន្ទាន់ ដោយសារតែការឈ្លានពានពីកងទ័ពសៀមនៅតាមបន្ទាត់ព្រំដែន។
ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន បានលើកឡើងថា ជំនួយរបស់សប្បុរសធម៌ជាបន្តបន្ទាប់ នាពេលនេះ បានបង្ហាញយ៉ាងច្បាស់អំពី «ទឹកចិត្តសមរភូមិក្រោយ» ដែលមិនដែលបោះបង់ ឬមើលរំលងសុខទុក្ខ នៃវីរភាពរបស់កងទ័ពជួរមុខ ដែលកំពុងឈរជើងការពារព្រំដែន ការពារអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា។
សូមបញ្ជាក់ថា ជំនួយដែលសប្បុរសធម៌បានប្រគល់ជូនដល់កងពលតូចដឹកជញ្ជូនលេខ៩៩យ៉ាង សន្ធឹកសន្ធាប់ជាបន្តបន្ទាប់នេះ មានទឹកក្រូច ទឹកសុទ្ធ មី នំ ទឹកស៊ីអ៊ីវ ទឹកត្រី អង្ករ ខ្ទឹមស បន្លែផ្លែឈើ និងថវិកាជាដើម៕






