លួចអាគុយនិងដែកបង្កាន់ដៃផ្លូវល្បឿនលឿន សូម្បីឧបករណ៍ការពារលើផ្លូវ ក៏ចោរមិនប្រណីដែរ
ខេត្តកំពង់ស្ពឺ ៖ ករណីចោរហារយបានកើតឡើងនៅលើផ្លូវល្បឿនលឿន ដោយមានក្រុមចោរបានធ្វើសកម្មភាពលួចអាគុយកាមេរ៉ាសុវត្ថិភាព និងលួចដែកបង្កាន់ដៃផ្លូវល្បឿនលឿន យកទៅលក់បន្តនៅកន្លែងទិញអេតចាយមួយក្នុងស្រុកភ្នំស្រួច ។ ករណីនេះត្រូវបានបកស្បែក ដោយកម្លាំងនគរបាលប៉ុស្តិ៍ឃុំយាយម៉ៅពេជ្រនិល និងនគរបាលស្រុកភ្នំស្រួចព្រមទាំងកំពុងស្រាវជ្រាវរកអ្នកទទួលទិញ ដើម្បីយកមកផ្តន្ទាទោសតាមផ្លូវច្បាប់ ។
តាមប្រភពព័ត៌មានពីសមត្ថកិច្ចខេត្តកំពង់ស្ពឺបានឱ្យដឹងថា កាលពី ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំយាយម៉ៅពេជ្រនិល បានធ្វើការល្បាតតាមបណ្ដោយផ្លូវជាតិលេខ៤ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ ១០៦-១០៧ ស្ថិតនៅក្នុងភូមិទី៦ ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច បានប្រទះឃើញជនសង្ស័យ១នាក់ភេទប្រុស ជិះម៉ូតូ១គ្រឿង (ម៉ូតូស៊េរីចាស់) ពាក់ផ្លាកលេខ សៀមរាប 1A-9933 ដឹកអាគុយ២០០អំពែ ជិះចូលផ្ទះទិញ-លក់អេតចាយ និងទទួលបញ្ចាំម៉ូតូមួយកន្លែង ដែលស្ថិតនៅភូមិទី៦ ឃុំយាយម៉ៅពេជ្រនិល ។






