ជនភៀសសឹកចំនួន៧៨គ្រួសារ មកពីកោះកុង បាត់ដំបង បន្ទាយមានជ័យ និងព្រះវិហារ ដែលមកស្នាក់នៅស្រុកពញាឮ ខេត្តកណ្ដាល ទទួលបានជំនួយមនុស្សធម៌ពីតំណាងបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន

(ភ្នំពេញ)៖ ជនភៀសសឹកចំនួន៧៨គ្រួសារ មកពីកោះកុង បាត់ដំបង បន្ទាយមានជ័យ និងព្រះវិហារ ដែលមកស្នាក់នៅបណ្ដោះអាសន្ន ក្នុងឃុំភ្នំបាត្រ ឃុំផ្សារដែក និងឃុំវិហារលួង ស្រុកពញាឮ ខេត្តកណ្ដាល ទទួលបានជំនួយមនុស្សធម៌ពី លោក កែវ បេងវឌ្ឍន៍ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាលអ្នកក្រោមជាតិ តំណាងអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
ពិធីនេះបានរៀបចំធ្វើឡើង នាព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥នេះ នៅវត្ត អង្គសេរី ឃុំភ្នំបាត ស្រុកពញាឮខេត្តកណ្ដាល ដោយលោក កែវ បេងវឌ្ឍន៍ បានដឹកនាំមន្ត្រីនិង អាជ្ញាធរ ចុះជួបសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយជូនប្រជាពលរដ្ឋជនភៀសសឹកចំនួន៧៨គ្រួសារ ដែលរងគ្រោះដោយសារជម្លោះព្រំដែនរវាងកម្ពុជា-ថៃ។
ក្នុងឱកាសនេះ លោក កែវ បេងវឌ្ឍន៍ បាននាំនូវការផ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។ សម្តេចទាំងពីរតែងតែគិតគូអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ ដោយមិនប្រកាន់ពូជសាសន៍ ឬបក្សពួកនិយមអ្វីឡើយ។ សម្តេចតែងតែព្រួយបារម្ភ ពីទុក្ខលំបាករបស់ជនភៀសសឹកនាពេលនេះ ដោយមិនទុកឲ្យពលរដ្ឋណាម្នាក់ដាច់ស្បៀងឡើយ។
ដោយឡែក អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ក៏បានគិតគូរយ៉ាងម្មត់ចត់ទៅលើទុក្ខលំបាករបស់ជនភៀសសឹក ដែលមកពីព្រំដែនកំពុងមានជម្លោះរវាងកម្ពុជា-ថៃ និងបាននាំយកអំណោយជូនដល់ប្រជាពលរដ្ឋ ដែលជាជនភៀសសឹក ក្នុងមួយគ្រួសារទទួលបាន អង្ករ២៥គីឡូក្រាម, មី, ទឹកត្រី, ទឹកស៉ីអ៉ីវ ត្រីខនិងទឹកបរិសុទ្ធ រួមទាំងថវិកាមួយចំនួនផងដែរ។
ទន្ទឹមនេះ លោក កែវ បេងវឌ្ឍន៍ ក៏បានអំពាវនាវសូមឲ្យប្រជាពលរដ្ឋនៅគ្រប់ទិសទី បន្តសាមគ្គី ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងស្មារតីស្នេហាជាតិ និងចេះជួយគ្នាក្នុងគ្រាដែលប្រទេសជាតិ កំពុងជួបទុក្ខលំបាក រួបរួមគ្នាក្នុងស្មារតីខ្មែរតែមួយ ខ្មែរស្រឡាញ់ខ្មែរ។
លោកបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោក លោកស្រីអង្គភាពពាក់ព័ន្ធ គណៈអភិបាល ស្រុក កងកម្លាំងទាំងបី និងអាជ្ញាធរមូលដ្ឋានទាំងអស់ ដែលសហការគ្នាបានយ៉ាងល្អក្នុងការរៀបចំជាអំណោយ ជួយដោះស្រាយក្នុងគ្រាលំបាក ជូនដល់ភៀសសឹកទាំងអស់បានទាន់ពេលវេលា៕

You might also like