រដ្ឋមន្ត្រី នេត្រ ភក្ត្រា ទទួលអំណោយជាភេសជ្ជៈប៉ូការីស្វេត ចំនួន ៥០០ កេស សម្រាប់ចែកជូនដល់ជនភៀសសឹក និងវីរៈកងទ័ពជួរមុខ
(ភ្នំពេញ)៖ អំណោយជាភេសជ្ជៈប៉ូការីស្វេត ចំនួន ៥០០ កេស របស់ក្រុមហ៊ុន ហ៊្វូ លូ ស្យូ អេហ្វ & ប៊ី ឯ.ក ត្រូវបានថ្នាក់ដឹកនាំក្រុមហ៊ុន នាំយកមកប្រគល់ជូនដល់ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ ដើម្បីចូលរួមចំណែកក្នុងសកម្មភាពសប្បុរសធម៌ ជាពិសេសសម្រាប់ចែកជូនដល់វីរៈកងទ័ពជួរមុខ និងប្រជាពលរដ្ឋភៀសសឹកនៅតាមតំបន់ព្រំដែន ដែលកំពុងមានការកើនឡើងរហូតដល់ជាង ៤៣ម៉ឺននាក់។
រដ្ឋមន្ត្រី នេត្រ ភក្ត្រា តាងនាមថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងព័ត៌មាន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះក្រុមហ៊ុន ហ៊្វូ លូ ស្យូ អេហ្វ & ប៊ី ឯ.ក ដែលបានផ្តល់ជំនួយជាភេសជ្ជៈប៉ូការីស្វេត ចំនួន ៥០០ កេស មកក្រសួងព័ត៌មាន។
លោកបញ្ជាក់ថា ទឹកចិត្តដ៏ប្រពៃថ្លៃថ្លានេះ បង្ហាញពីមនោសញ្ចេតនា សេចក្តីរាប់អាន និងការចូលរួមចំណែកយកចិត្តទុកដាក់ខ្ពស់របស់ថ្នាក់ដឹកនាំក្រុមហ៊ុន លើការងារសប្បុរសធម៌ និងកិច្ចការសង្គម តាមរយៈក្រសួងព័ត៌មាន ជាពិសេសដើម្បីចែកជូនដល់វីរៈកងទ័ពជួរមុខ និងប្រជាពលរដ្ឋភៀសសឹកនៅតាមតំបន់ព្រំដែន។
ឆ្លៀតក្នុងឱកាសនេះ លោករដ្ឋមន្ត្រី ក៏បានជូនពរដល់ក្រុមហ៊ុន ហ៊្វូ លូ ស្យូ អេហ្វ & ប៊ី ឯ.ក ឱ្យកាន់តែមានការរីកចម្រើន និងទទួលបានជោគជ័យបន្ថែមទៀត ព្រមទាំងថ្នាក់ដឹកនាំ និងសហការីទាំងអស់ សូមប្រកបដោយពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
ថ្នាក់ដឹកនាំតំណាងក្រុមហ៊ុន ហ៊្វូ លូ ស្យូ អេហ្វ & ប៊ី ឯ.ក បានគូសបញ្ជាក់ថា ក្នុងបុព្វហេតុមនុស្សធម៌ និងដើម្បីជួយសម្រាលបន្ទុកដល់ប្រជាពលរដ្ឋដែលកំពុងភៀសសឹក ក្រុមហ៊ុនភេសជ្ជៈប៉ូការីស្វេត បានចូលរួមឧបត្ថម្ភភេសជ្ជៈចំនួន ៥០០ កេស ជូនដល់ក្រសួងព័ត៌មាន ដើម្បីយកទៅចែកជូនដល់បងប្អូនប្រជាពលរដ្ឋភៀសសឹកនៅក្នុងតំបន់សុវត្ថិភាព និងវីរៈកងទ័ព ដែលកំពុងបន្តឈរជើងយ៉ាងរឹងមាំ ស្វាហាប់ មោះមុត និងតស៊ូប្រយុទ្ធយ៉ាងស្វិតស្វាញ តតាំងជាមួយសត្រូវឈ្លានពាន ព្រមទាំងប្រុងប្រយ័ត្នខ្ពស់ជានិច្ច ក្នុងការបំពេញតួនាទីរបស់ខ្លួន ដើម្បីការពារបូរណភាពទឹកដីរបស់កម្ពុជា៕






