កម្ពុជាមិនបណ្តោយឱ្យព្រឹត្តិការណ៍ឈ្លានពានឆ្នាំ១៩៤១ វិលត្រឡប់មកវិញទេ៖ យើងប្រើប្រាស់សិទ្ធិស្វ័យការពារស្របតាមច្បាប់អន្តរជាតិ និងប្តេជ្ញាពលិកម្មដើម្បីការពារដែនអធិបតេយ្យ

(ភ្នំពេញ)៖ សហគមន៍អន្តរជាតិរួមមាន ចិន អាស៊ាន និងសហភាពអឺរ៉ុប បានបង្ហាញភាពខ្នះខ្នែងយ៉ាងខ្លាំងក្លា ក្នុងការរកវិធីទប់ស្កាត់សង្គ្រាមតាមព្រំដែនកម្ពុជា-ថៃ ក្រោយការឃើញថា អន្តរាគមន៍របស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ តែមួយមិនអាចដាក់សម្ពាធមកលើប្រទេសថៃនៃភាគីឈ្លានពានបានឡើយ។ ជាមួយគ្នានេះ ប្រធានសភាពាណិជ្ជកម្មអាមេរិកប្រចាំកម្ពុជា លោក ខេស៊ី បាណិត Casey Barnett បានថ្លែងថា ថៃបានប្រើលេសឈ្លានពានកម្ពុជាក្នុងពេលនេះ គឺស្រដៀងនឹងការឈ្លានពានមកលើកម្ពុជាកាលពីឆ្នាំ១៩៤១។
Fresh Exclusive មានអត្ថបទស៊ីជម្រៅជុំវិញបញ្ហានេះ ៖
១២ថ្ងៃជាប់ៗគ្នា កម្ពុជាបានអនុវត្តសិទ្ធិស្វ័យការពារដោយស្របច្បាប់អន្តរជាតិ ខណៈដែលភាគីថៃ បានបើកការវាយលុកទ្រង់ទ្រាយធំតាមសមរភូមិជាច្រើន ដោយប្រើប្រាស់អាវុធធុនធ្ងន់ រថក្រោះ រថពាសដែក ការបាញ់ផ្សែងពុលឧស្ម័ន្ធនិងគ្រាប់បែកចង្កោមដាក់មកលើទឹកដីកម្ពុជា។ ក្នុងស្ថានភាពនៃការឈ្លានពានជាក់ស្តែងនេះ កងកម្លាំងប្រដាប់អាវុធកម្ពុជា មិនបានចាប់ផ្តើមសង្គ្រាមជាមុនឡើយ ប៉ុន្តែបានឆ្លើយតបក្នុងកម្រិតចាំបាច់និងសមស្រប ដើម្បីការពារដែនអធិបតេយ្យនិងសុវត្ថិភាពជាតិ ស្របតាមសិទ្ធិស្វ័យការពារដែលបានទទួលស្គាល់ក្នុងច្បាប់អន្តរជាតិ។
ការឆ្លើយតបវិញរបស់កម្ពុជា ក្នុងសិទ្ធិស្វ័យការពារគឺជាសារដ៏ច្បាស់លាស់ទៅកាន់ពិភពលោកថា កម្ពុជា កំពុងការពារខ្លួន និងមិនអនុញ្ញាតឱ្យព្រឹត្តិការណ៍ឈ្លានពានឆ្នាំ១៩៤១ ដែលថៃធ្លាប់បានធ្វើពីអតីតកាលវិលត្រឡប់មកវិញសាជាថ្មីឡើយ។
នៅពេលដែលសម្តីទូរស័ព្ទរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បង្ហាញពីសម្ពាធនយោបាយ និងសេដ្ឋកិច្ចលើភាគីថៃ ប៉ុន្តែនៅតែមិនអាចរារាំងការប្រើប្រាស់យន្តហោះប្រយុទ្ធF-16 និងអាវុធធុនធ្ងន់បាន, សហគមន៍អន្តរជាតិរួមមាន ចិន អាស៊ាន និងសហភាពអឺរ៉ុប បានខ្នះខ្នែងចូលរួមយ៉ាងសកម្ម ដោយបញ្ជាក់ថា ជម្លោះកម្ពុជា-ថៃ មិនមែនជាបញ្ហាទ្វេភាគីធម្មតាទៀតទេ ប៉ុន្តែកំពុងក្លាយជាបញ្ហាសន្តិសុខតំបន់ និងការគោរពច្បាប់អន្តរជាតិ។ នៅជាមួយគ្នានេះដែរ ខណៈថៃកំពុងបើករណសិរ្សប្រយុទ្ធជាច្រើនតាមព្រំដែនកម្ពុជា ប្រធានសភាពាណិជ្ជកម្មអាមេរិកប្រចាំកម្ពុជា លោកខេស៊ី បាណិត Casey Barnett បានសរសេរតាម បណ្តាញសង្គម ប្រាប់ពិភពលោកថា «លេសឈ្លានពានរបស់ថៃមកលើទឹកដីកម្ពុជា ក្នុងពេលនេះ គឺស្រដៀងនឹងការឈ្លានពានមកលើកម្ពុជាកាលពីឆ្នាំ១៩៤១»។
* សម្តី Trump៖ សម្ពាធខ្លាំង ប៉ុន្តែមិនគ្រប់គ្រាន់ក្នុងការធានាបទឈប់បាញ់
ការគំរាមដាក់ទណ្ឌកម្មសេដ្ឋកិច្ចរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump ទោះបីមានតម្លៃភ្លាមៗ ក្នុងការបង្កើតសម្ពាធនយោបាយមួយកម្រិតលើភាគីថៃក្នុងពេលនោះក្តី ប៉ុន្តែសម្ពាធនោះ បានរលាយបាត់យ៉ាងឆាប់រហ័សទៅវិញ នៅពេលដែលការប្រកាសនិងសកម្មភាពនៅលើដីតាមតំបន់ព្រំដែន មិនបានធ្វើដំណើរស្របគ្នាឡើយដោយថៃ នៅតែបន្តសកម្មភាពឈ្លានពានដាក់មកលើកម្ពុជាជាដដែល។
នាយករដ្ឋមន្ត្រីថៃ ក្នុងល្បិចកលបោកប្រាស់សាធារណមតិ បានប្រើភាសាការទូតទន់ភ្លន់នៅលើវេទិកាអន្តរជាតិ ប៉ុន្តែនៅពីក្រោយឆាក បានបដិសេធមិនគោរពតាមអ្វីដែលបានសន្យាឡើយ និងលើសពីនោះ ថែមទាំងនិយាយចំអកទៀតថា ថៃមិនខ្លាចទណ្ឌកម្មសេដ្ឋកិច្ចពីសហរដ្ឋអាមេរិកឡើយ។ ភាគីថៃ មិនត្រឹមតែបដិសេធការអនុវត្តតាមសេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាពគួឡាឡាំពួរ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានប្រកាសបន្តប្រតិបត្តិការយោធាប្រឆាំងកម្ពុជា យ៉ាងបើកចំហរ ដោយមិនលាក់លៀម។
ការបន្តសង្គ្រាមនេះ បានធ្វើឲ្យយន្តការត្រួតពិនិត្យសន្តិភាពរបស់អាស៊ាន (ASEAN Observer Team – AOT) ស្ថិតក្នុងស្ថានភាពអសកម្ម មិនអាចបំពេញភារកិច្ចរបស់ខ្លួនបានពេញលេញ និងបាត់បង់សមត្ថភាពក្នុងការត្រួតពិនិត្យស្ថានភាពជាក់ស្តែង និងការធានាបទឈប់បាញ់នៅលើសមរភូមិ។ ស្ថានភាពនេះ បញ្ជាក់យ៉ាងច្បាស់ថា សម្ពាធនយោបាយតែមួយមិនអាចជំនួសយន្តការអនុវត្ត និងការត្រួតពិនិត្យជាក់ស្តែងបានឡើយ។
ភាពអសកម្មនៃយន្តការត្រួតពិនិត្យ និងការបន្តប្រើអាវុធធុនធ្ងន់នៅលើសមរភូមិ នេះហើយជាមូលហេតុសំខាន់ ដែលបានជម្រុញឱ្យសហគមន៍អន្តរជាតិ ចូលរួមអន្តរាគមន៍ជាបន្ថែម មិនថាជាប្រទេសចិន អាស៊ាន ឬសហភាពអឺរ៉ុប ដើម្បីព្យាយាមទប់ស្កាត់ការកើនឡើងជម្លោះ និងស្វែងរកផ្លូវបញ្ចប់វិបត្តិព្រំដែនកម្ពុជា-ថៃ មុនពេលដែលវាប្រែក្លាយទៅជាសង្គ្រាមធំទូលាយជាងនេះ។
ក្នុងបរិបទនេះ ប្រធានសភាពាណិជ្ជកម្មអាមេរិកប្រចាំកម្ពុជា លោក Casey Barnett បានសរសេរនៅថ្ងៃទី១៨ ខែធ្នូ ដោយប្រៀបធៀបអំពើបំពានរបស់ថៃមកលើកម្ពុជា ក្នុងពេលបច្ចុប្បន្ននេះជាមួយនឹងអំពើឈ្លានពាននៅឆ្នាំ១៩៤១។ លោកបានរំលឹកថា នៅឆ្នាំនោះ ខណៈពិភពលោកកំពុងធ្លាក់ចូលក្នុងសង្គ្រាមលោកលើកទី២ ប្រទេសថៃដែលបានចូលរួមជាមួយជប៉ុន បានចូលទន្ទ្រានឈ្លានពានលើទឹកដីកម្ពុជា និងដណ្តើមយកខេត្តខ្មែរមួយចំនួន ដោយយកលេសថា កងកម្លាំងអាណានិគមបារាំងនៅកម្ពុជា បានបាញ់ឆ្លងព្រំដែនចូលក្នុងក្រុង Aranyaprathet នៃប្រទេសថៃ។

ប៉ុន្តែដូចដែលប្រវត្តិសាស្ត្របានបញ្ជាក់នោះគ្រាន់តែជាលេសដែលថៃ បានរៀបចំជាមុនសម្រាប់ការឈ្លានពានប៉ុណ្ណោះ។ បន្ទាប់ពីជប៉ុនបរាជ័យក្នុងសង្គ្រាមលោកលើកទី២ ទឹកដីខ្មែរដែលថៃបានរំលោភ ត្រូវបានប្រគល់ត្រឡប់មកឱ្យកម្ពុជាវិញដោយស្របច្បាប់អន្តរជាតិ។ លោក Casey Barnett បានបញ្ជាក់យ៉ាងច្បាស់ថាលេសដដែល ដែលថៃធ្លាប់ប្រើក្នុងឆ្នាំ១៩៤១ កំពុងត្រូវបានយកមកអនុវត្តឡើងវិញនៅក្នុងឆ្នាំ២០២៥នេះ។ ការបញ្ជាក់នេះគឺជាការដាស់តឿនថា ប្រសិនបើសហគមន៍អន្តរជាតិ មិនកំណត់ព្រំដែនច្បាស់រវាង «សិទ្ធិស្វ័យការពារ» និង «ការឈ្លានពាន» ប្រវត្តិសាស្ត្រឈឺចាប់អាចនឹងវិលត្រឡប់មកវិញសាជាថ្មីម្តងទៀត។
* អន្តរាគមន៍របស់ចិន ជាកម្លាំងតុល្យភាព ប៉ុន្តែសមរភូមិនៅតែលាន់ឮស្នូរយន្តហោះចម្បាំងនិងអាវុធធុនធ្ងន់របស់ថៃ
ការបញ្ជូនបេសកជនពិសេសរបស់ប្រទេសចិន មកកាន់កម្ពុជានិងថៃ បង្ហាញយ៉ាងច្បាស់ថា រដ្ឋាភិបាលប៉េកាំង មិនចង់ឃើញអស្ថិរភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ និងក្នុងតំបន់អាស៊ីអាគ្នេយ៍ឡើយ។ ក្នុងនាមជាប្រទេសជិតខាង និងជាមិត្តជិតស្និទ្ធរបស់ភាគីទាំងពីរ ចិនបានជ្រើសរើសវិធីសាស្ត្រ «ការទូតស្ងាត់» ដើម្បីភ្ជាប់ទំនាក់ទំនង និងកាត់បន្ថយហានិភ័យនៃការកើនឡើងជម្លោះ។
ដោយសារតួនាទីនិងឥទ្ធិពលយុទ្ធសាស្ត្ររបស់ខ្លួន គេរំពឹងថា ចិនអាចនិយាយអ្វីដែលមហាអំណាចផ្សេងៗ មិនអាចនិយាយជាសាធារណៈបាន ក្នុងវិធីដាក់សម្ពាធក្រោយឆាកលើភាគីថៃ និងព្យាយាមទប់ស្កាត់មិនឲ្យការអនុវត្តសិទ្ធិស្វ័យការពាររបស់ភាគីណាមួយប្រែក្លាយទៅជាសង្គ្រាមពេញទំហឹង ដែលអាចធ្វើឲ្យតំបន់ទាំងមូលរងអស្ថិរភាពយូរអង្វែង។
ទោះយ៉ាងណាក៏ដោយ សេចក្តីរាយការណ៍ពីសមរភូមិនៅថ្ងៃ១៨ធ្នូ ដែលមានដំណើរបេសកជនពិសេសរបស់ចិនមកកាន់ប្រទេសទាំងពីរ បានបង្ហាញថា ភាគីថៃ នៅតែបន្តប្រើយន្តហោះចម្បាំង និងអាវុធធុនធ្ងន់ វាយប្រហារមកលើទឹកដីកម្ពុជា ជាពិសេសនៅក្នុងខេត្តព្រះវិហារនិងខេត្តបន្ទាយមានជ័យ ដែលជាតំបន់ភាគឧត្តរនិងភាគបស្ចឹមនៃប្រទេស។ ការពិតនៅលើដីនេះ បានបង្ហាញថា ទោះបីមានអន្តរាគមន៍ការទូតពីមហាអំណាចក៏ដោយ ការកាត់បន្ថយអំពើហិង្សានៅតាមសមរភូមិ នៅតែប្រឈមនឹងដែនកំណត់យ៉ាងធ្ងន់ធ្ងរ។
* អាស៊ាន៖ បម្លែងជម្លោះទ្វេភាគី ទៅជាបញ្ហាសន្តិសុខតំបន់
ប្រធានអាស៊ាន នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim បានប្រកាសនៅថ្ងៃពុធ ទី១៧ ខែធ្នូ ថា លោកបានទាក់ទងជាមួយមេដឹកនាំនៃប្រទេសកម្ពុជានិងថៃ ហើយភាគីទាំងពីរ បានបង្ហាញបំណងចង់ស្វែងរកដំណោះស្រាយជម្លោះព្រំដែនឲ្យបានឆាប់រហ័សតាមដែលអាចធ្វើទៅបាន។
លោក Anwar បានបញ្ជាក់បន្ថែមថា រដ្ឋមន្ត្រីការបរទេសអាស៊ាន នឹងជួបប្រជុំគ្នានៅថ្ងៃទី២២ ខែធ្នូ ដើម្បីព្យាយាមជំរុញឲ្យភាគីទាំងពីរ ផ្តល់អាទិភាពដល់សន្តិភាព និងការកាត់បន្ថយភាពតានតឹងនៅតាមព្រំដែន។
សម្តីនិងសកម្មភាពរបស់នាយករដ្ឋមន្ត្រីម៉ាឡេស៊ី បញ្ជាក់យ៉ាងច្បាស់ថា អាស៊ានមិនអាចនៅស្ងៀមបានទៀតឡើយ ចំពោះជម្លោះដែលកំពុងប៉ះពាល់ដល់សន្តិសុខ និងស្ថិរភាពក្នុងតំបន់។ ការកំណត់កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន មានន័យថាជម្លោះកម្ពុជា-ថៃ ត្រូវបានដាក់នៅក្រោមក្របខណ្ឌទទួលខុសត្រូវរួមរបស់តំបន់មិនមែនទុកជាបញ្ហាទ្វេភាគីដាច់ដោយឡែកទៀតឡើយ។ ក្នុងបរិបទនេះ អាស៊ានកំពុងព្យាយាមធានាថា សិទ្ធិស្វ័យការពាររបស់ភាគីណាមួយ មិនត្រូវបានបំភ្លៃ ឬយកទៅប្រើជាលេសនយោបាយនិងជាតិនិយម ដើម្បីគាំទ្រអំពើឈ្លានពានដាក់ លើប្រទេសជិតខាងក្នុងតំបន់ឡើយ។ វាជាការបញ្ជាក់ថា សិទ្ធិស្វ័យការពារ ត្រូវតែស្ថិតក្រោមក្របខណ្ឌច្បាប់អន្តរជាតិ និងការត្រួតពិនិត្យរួម។
អាស៊ាន ក្នុងរយៈពេលចុងក្រោយនេះ បានបង្ហាញកិច្ចប្រឹងប្រែងយ៉ាងខ្លាំងក្នុងការស្វែងរកផ្លូវបញ្ចប់ជម្លោះរវាងកម្ពុជានិងថៃ។ ទោះយ៉ាងណាសេចក្តីព្រួយបារម្ភនៅតែមាន ព្រោះភាពមិនស៊ីសង្វាក់គ្នា រវាងសម្តីការទូត និងសកម្មភាពលើសមរភូមិ ជាពិសេសសកម្មភាពរបស់ភាគីថៃ ដែលតែងបង្ហាញឲ្យឃើញថា ការអះអាងលើវេទិកាអន្តរជាតិរបស់រដ្ឋាភិបាលក្រុងបាងកក មិនដែលឆ្លុះបញ្ចាំងពីការអនុវត្តជាក់ស្តែងនៅលើដីនោះឡើយ។
* សហភាពអឺរ៉ុប៖ ត្រៀមជួយឧបករណ៍ភស្តុតាងក្នុងកំណត់ថានរណាជាអ្នកឈ្លានពានពិតប្រាកដ
តំណាងជាន់ខ្ពស់សហភាពអឺរ៉ុប លោកជំទាវ Kaja Kallas ដែលទទួលបន្ទុកកិច្ចការបរទេស និងគោលនយោបាយសន្តិសុខ និងជាអនុប្រធានគណៈកម្មការអឺរ៉ុប បានថ្លែងនៅថ្ងៃទី១៧ ខែធ្នូថា «សហភាពអឺរ៉ុប អាចផ្តល់ជូននូវរូបភាពពីផ្កាយរណប សម្រាប់ការឃ្លាំមើលបទឈប់បាញ់»។ លោកជំទាវបានបន្តថា «ជម្លោះរវាងប្រទេសកម្ពុជានិងប្រទេសថៃ មិនត្រូវបណ្តោយឱ្យរាលដាលកាន់តែធ្ងន់ធ្ងរឡើយ។ ហេតុដូច្នេះ បទឈប់បាញ់ចាំបាច់ត្រូវតែស្តារឡើងវិញជាបន្ទាន់»។ លោកជំទាវ បានថ្លែងបន្តថា ការត្រៀមជួយឧបករណ៍ភស្តុតាងក្នុងការកំណត់ថា តើនរណាជាអ្នកឈ្លានពានពិតប្រាកដនោះ ត្រូវបានប្រាប់ទៅកាន់រដ្ឋមន្ត្រីការបរទេសថៃនិងកម្ពុជា នៅក្នុងកិច្ចពិភាក្សាថ្ងៃទី១៧ ខែធ្នូ រួចមកហើយ។
សម្តីរបស់លោកជំទាវ Kaja Kallas អំពីការផ្តល់រូបភាពផ្កាយរណប សម្រាប់ការឃ្លាំមើលបទឈប់បាញ់ គឺជាចំណុចគន្លឹះ។ តាមរយៈផ្កាយរណបនោះ នឹងអាចជួយកំចាត់ចោល រាល់ការបំភ្លៃព័ត៌មានរបស់ថៃ និងជួយបង្ហាញការពិតនិងកំណត់កាន់តែច្បាស់ថា សិទ្ធិស្វ័យការពាររបស់កម្ពុជា មិនមែនជាអំពើឈ្លានពានដូចតាមការចោទប្រកាន់របស់ថៃឡើយ។

អំពើឈ្លានពានរបស់ភាគីថៃ មកលើកម្ពុជានៅឆ្នាំ២០២៥ មិនមែនជាឧប្បត្តិហេតុចៃដន្យឡើយ ប៉ុន្តែជាលេសដដែលៗ ដែលប្រវត្តិសាស្ត្រធ្លាប់បានឃើញមកហើយនៅឆ្នាំ១៩៤១។ ក្នុងបរិបទនេះកម្ពុជា បានឈរលើជំហរច្បាប់អន្តរជាតិយ៉ាងច្បាស់ ដោយអនុវត្តសិទ្ធិស្វ័យការពារក្នុងកម្រិតចាំបាច់ និងសមស្រប ដើម្បីការពារអធិបតេយ្យភាពទឹកដី និងសន្តិសុខជាតិស្របតាមធម្មនុញ្ញអង្គការសហប្រជាជាតិ។
ការជួយធ្វើអន្តរាគមន៍ពហុភាគីពីប្រទេសចិន អាស៊ាន និងសហភាពអឺរ៉ុប មិនមែនជាការជ្រៀតជ្រែកនយោបាយរបស់មហាអំណាចណាមួយទេ ប៉ុន្តែជាយន្តការចាំបាច់នៃសហគមន៍អន្តរជាតិ ដើម្បីធានាថា សិទ្ធិស្វ័យការពារមិនត្រូវបានបំភ្លៃជាលេសឈ្លានពាន ហើយការបំពានដដែលៗនឹងមិនត្រូវបានអនុញ្ញាតឲ្យចម្លងធ្វើសាឡើងវិញក្រោមរូបភាពថ្មីឡើយ។ ប្រវត្តិសាស្ត្រ បានបង្រៀនយ៉ាងច្បាស់ថា ពេលសហគមន៍អន្តរជាតិ ស្ងៀមស្ងាត់ ឬស្ទាក់ស្ទើរ ក្នុងការកំណត់ព្រំដែនរវាង «ការការពារខ្លួន» និង «ការឈ្លានពាន» នោះគឺភាពអយុត្តិធម៌និងសង្គ្រាម នឹងតែងត្រឡប់មកវិញជានិច្ច។
សន្តិភាព មិនកើតចេញពីសម្តីទូរស័ព្ទតែមួយទេ ប៉ុន្តែកើតចេញពីច្បាប់អន្តរជាតិ ភស្តុតាងដែលអាចផ្ទៀងផ្ទាត់បាន និងការចងចាំប្រវត្តិសាស្ត្រ ដែលមិនអនុញ្ញាតឲ្យកំហុសដដែលៗកើតឡើងម្ដងទៀតបានឡើយ៕

You might also like