បុរសម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ បន្ទាប់ពីមានគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូ និងរថយន្ត បុកគ្នាលើស្ពានព្រែកក្តាម
កណ្ដាល៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ បន្ទាប់ពីមានគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ និងរថយន្ត កើតឡើងនៅ ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦ នៅចំណុចផ្លូវកោងលើស្ពានមិត្តភាពកម្ពុជា-ចិន (ស្ពានព្រែកក្តាម) ស្ថិតក្នុងស្រុកពញាឮ ខេត្តកណ្ដាល។
តាមសមត្ថកិច្ចបានឱ្យដឹងថា ម៉ូតូម៉ាក Honda Dream មួយគ្រឿង បើកបរដោយយុវជនអាយុ ១៨ឆ្នាំ ធ្វើដំណើរពីត្បូងទៅជើង លុះដល់ចំណុចផ្លូវកោង បានរ៉េចង្កូតចូលគន្លងផ្លូវផ្ទុយ ទៅបុកជាមួយរថយន្តម៉ាក Lexus RX300 ដែលកំពុងធ្វើដំណើរចុះពីលើស្ពានពីជើងទៅត្បូង បណ្ដាលឱ្យអ្នកបើកបរម៉ូតូស្លាប់ភ្លាមៗ។
មូលហេតុបណ្តាលមកពីអ្នកបើកបរម៉ូតូបើកបរធ្វេសប្រហែល ខ្វះការប្រុងប្រយ័ត្ន ចូលគន្លងផ្លូវរថយន្តនៅត្រង់ចំណុចផ្លូវកោង។ សាកសពត្រូវបានប្រគល់ជូនគ្រួសារ ដើម្បីរៀបចំពិធីបុណ្យតាមប្រពៃណី ខណៈវត្ថុតាងត្រូវបានរក្សាទុក និងអ្នកបើកបររថយន្តត្រូវបាននាំទៅសាកសួរ ដើម្បីបន្តនីតិវិធីច្បាប់ ៕






