កាណាដា គាំទ្រកម្ពុជា ដែលធ្វើជាម្ចាស់ផ្ទះរៀបចំបើកកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនី នាឆ្នាំ២០២៦ខាងមុខនេះ
ភ្នំពេញ ៖ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រី្តក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានទទួលជួបឯកឧត្តម Christian DesRoches ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសកាណាដា ប្រចាំព្រះរាជាណាចក្រកម្ពុជា ដើម្បីសម្តែងការគួរសម និងពិភាក្សាការងារ ស្តីពីកិច្ចប្រជុំហ្រ្វង់កូហ្វូនី និងកិច្ចសហប្រតិបតិ្តការទ្វេភាគី, នៅទីសី្តការក្រសួង នារសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥នេះ។
ជាកិច្ចចាប់ផ្តើម លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះឯកឧត្តម ឯកអគ្គរដ្ឋទូត ក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងទ្វេភាគី លើវិស័យវប្បធម៌នៅកម្ពុជា។
ក្នុងជំនួបពិភាក្សានេះ ឯកឧត្តម Christian DesRoches សូមចូលរួមអបអរសាទរ និងគាំទ្រដល់ព្រះរាជាណាចក្រកម្ពុជា ដែលធ្វើជាម្ចាស់ផ្ទះ និងគ្រោងរៀបចំបើកកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនី នាឆ្នាំ២០២៦។ ដោយហេតុថាប្រទេសកាណាដា ជាប្រទេសហ្វ្រង់កូហ្វូនី ដូចគ្នាជាមួយនឹងកម្ពុជាផងដែរ។ ដូច្នេះកាណាដា រីករាយនឹងចូលរួមក្នុងកិច្ចប្រជុំហ្វ្រង់កូហ្វូនី ក្នុងសកម្មភាពផ្សេងៗនាឆ្នាំ២០២៦ ដែលកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះ។
កិច្ចប្រជុំ ហ្វ្រង់កូហ្វូនី គឺជាកិច្ចប្រជុំកំពូល ដែលគ្រប់ប្រទេសជាច្រើន និយាយភាសាបារាំង ស្ថិតនៅក្នុងទ្វីបអាស៊ី ទ្វីបអាមេរិក និងទ្វីបអ៊ឺរ៉ុប សម្រាប់កម្ពុជា គឺជាលើកទី១ ដែលធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ក៏ជាមោទនភាពសម្រាប់ប្រទេសកម្ពុជា ដែលជាប្រទេសនិយាយភាសាបារាំងផងដែរ។ ជាពិសេសប្រទេសក្នុងតំបន់អាស៊ាន គឺមានតែ៣ប្រទេសប៉ុណ្ណោះ ជាប្រទេសហ្វ្រង់កូហ្វូនី គឺប្រទេសកម្ពុជា វៀតណាម និងឡាវ។ ចាប់តាំងពីមានកិច្ចប្រជុំហ្វ្រង់កូហ្វូនី គឺមានតែវៀតណាម ដែលបានរៀបចំបើកកិច្ចប្រជុំហ្វ្រង់កូហ្វូនី នៅក្នុងតំបន់អាស៊ី។ ដូច្នេះ កម្ពុជា គឺជាប្រទេសទី២ហើយ ដែលបានរៀបចំកិច្ចកំពូលហ្វ្រង់កូហ្វូនីនេះ ៕






