រដ្ឋមន្ត្រីអង់គ្លេស ទទួលបន្ទុកឥណ្ឌូប៉ាស៊ីហ្វិក អំពាវនាវឱ្យកម្ពុជា-ថៃ បញ្ចប់ជម្លោះ និងងាករកការសន្ទនាជាបន្ទាន់
ឡុងដ៍៖ លោកស្រី Seema Malhotra រដ្ឋមន្ត្រីចក្រភពអង់គ្លេសទទួលបន្ទុកតំបន់ឥណ្ឌូប៉ាស៊ីហ្វិក បានប្រកាសថា លោកស្រីបានជួបពិភាក្សាជាមួយមន្ត្រីជាន់ខ្ពស់នៃប្រទេសថៃ និងកម្ពុជា ដើម្បីអំពាវនាវឱ្យបញ្ចប់អរិភាពនៅតាមព្រំដែនជាបន្ទាន់។
នៅក្នុងសារមួយដែលបង្ហោះលើបណ្តាញសង្គម X លោកស្រី Malhotra បានបញ្ជាក់ថា «ចក្រភពអង់គ្លេសចង់ឃើញការបញ្ចប់អរិភាពនៅតាមព្រំដែនថៃ-កម្ពុជា និងមិនឱ្យមានគ្រោះថ្នាក់ដល់ជនស៊ីវិលតទៅទៀតទេ»។
លោកស្រីបានបន្ថែមថា នៅក្នុងកិច្ចសន្ទនាជាមួយអនុរដ្ឋមន្ត្រីថៃ លោក វិជ្ជវ៉ាត់ (Vijavat) និងឧបនាយករដ្ឋមន្ត្រីកម្ពុជា លោក ប្រាក់ សុខុន លោកស្រីបានសង្កត់ធ្ងន់សារជាថ្មីអំពីភាពចាំបាច់នៃការសន្ទនា។ ទន្ទឹមនឹងនេះ អង់គ្លេសក៏បានស្វាគមន៍ចំពោះកិច្ចខិតខំប្រឹងប្រែងសម្របសម្រួលពីសំណាក់សហរដ្ឋអាមេរិក ម៉ាឡេស៊ី និងប្រទេសផ្សេងៗទៀតផងដែរដើម្បីគាំទ្រដល់ដំណើរការនេះ៕






